ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រាប់ឲ្យមន្ត្រី ត្រូវប្រកាន់ខ្ជាប់ ធ្វើអំពើល្អជាមួយប្រជាជន

កំពង់ចាម៖ មានប្រសាសន៍បូកសរុប ក្នុងកិច្ចប្រជុំត្រួតពិនិត្យលទ្ធផល នៃការអនុវត្តសេចក្តីសម្រេច ស្ដីពីផែនការរួមឆ្ពោះទៅកាន់ ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ របស់គណៈកម្មាធិការគណបក្ស ប្រជាជនខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកាឆ្នាំ ២០២១ ក្នុងបរិវេណសួនក្រញូង ភូមិតាណេង សង្កាត់សំបួរមាស ក្រុងកំពង់ចាម លោក យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារ ថ្នាក់កណ្ដាលចុះជួយខេត្ត បានមានប្រសាសន៍ ផ្តាំផ្ញើឲ្យមន្ត្រីគណបក្សប្រជាជន ត្រូវប្រកាន់ខ្ជាប់ធ្វើអំពើល្អជាមួយប្រជាជន ។

លោកឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដែលនឹងត្រូវធ្វើនៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២ គឺជាសមរភូមិដែលមន្ត្រីគណបក្សត្រូវបន្ត ការគ្រប់គ្រងឃុំ-សង្កាត់នៅក្នុងខេត្តកំពង់ចាម ពីព្រោះការបោះឆ្នោតឃុំ សង្កាត់លើកទី៥ នេះ គឺជាមូលដ្ឋានគ្រឹះ ដែលនឹងមានឥទ្ធិពលដល់ការរៀបចំ បោះឆ្នោតជាតិនាឆ្នាំ ២០២៣ ។

លោកឧបនាយករដ្ឋមន្ត្រី បានរំលឹកថា ប្រជាពលរដ្ឋកម្ពុជាទាំងអស់ បានឃើញការពិតយ៉ាងច្បាស់ថា រយៈពេលជាង ៣០ឆ្នាំមកនេះ គណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រទេស ពុះពារជម្នះនូវឧបសគ្គ និងការលំបាកផ្សេងៗរាប់ម៉ឺនជំពូក សម្រេចបានសមិទ្ធផលធំៗ ជាប្រវត្តិសាស្ត្រយ៉ាងច្រើន ដែលនាំប្រទេសជាតិ ឱ្យចេញផុតពីស្រមោល នៃអតីតកាលដ៏ខ្មៅងងឹត និងឈឺចាប់បំផុត មកកាន់សម័យដ៏ភ្លឺថ្លា ដែលពោរពេញដោយក្តីសង្ឃឹម។ ទន្ទឹមនិងនេះ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី គឺជាមហារដ្ឋបុរសមួយរូប ដែលមានឆន្ទៈមោះមុត និងទឹកចិត្តស្នេហាជាតិពិតប្រាកដ ក្នុងការដឹកនាំ និងកសាងប្រទេសជាតិយើង ដែលនេះគឺជា ប្រវត្តិសាស្ត្រមួយដែលគ្មាន នរណាម្នាក់អាចមើលរំលងបាន។

ដូច្នេះគណៈកម្មាធិការគណបក្ស និងក្រុមការងារគ្រប់ថ្នាក់ ត្រូវបន្តអនុវត្តគោលការណ៍គ្រឹះរបស់គណបក្ស គឺពង្រឹងសាមគ្គីភាពផ្ទៃក្នុងបក្ស ដោយឈរលើ ទស្សនៈ “ពង្រឹងចាស់ បង្កើតថ្មី និងត្រូវធ្វើអំពើល្អទៅលើប្រជាជន ៕

To Top