ព័ត៌មានជាតិ

សម្ដេចតេជោ ផ្ញើសារអបអរសាទរខួបទី១៨ ឆ្នាំ នៃរបាំព្រះរាជទ្រព្យ ត្រូវបានចុះ ក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្ដែងនូវការអបអរសាទរខួបទី១៨ ឆ្នាំ នៃ “របាំព្រះរាជទ្រព្យ” ដែលត្រូវបានចុះក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០០៣ (០៧ វិច្ឆិកា ឆ្នាំ២០០៣ -០៧ វិច្ឆិកា ឆ្នាំ២០២១) នៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី។

តាមរយៈគេហទំព័រហ្វេសប៊ុក នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២១ នេះសម្ដេចតេជោបានសរសេរយ៉ាងដូច្នេះថា «អបអរសាទរខួបទី១៨ នៃ “របាំព្រះរាជ ទ្រព្យ” ត្រូវបានចុះក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ»។
សម្តេចតេជោ លើកឡើងថា ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ គឺជាខួបទី១៨ឆ្នាំហើយ ដែលកម្ពុជាបានចុះបញ្ជី “ របាំព្រះរាជទ្រព្យ” ជាសម្បត្តិបេតិកភណ្ឌដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន របស់ព្រះរាជាណាចក្រកម្ពុជា តែមួយគត់ ដែលបានថែរក្សា នាដកម្មបុរាណមួយនេះ អស់រយៈពេលដ៏យូរលង់ណាស់ មកហើយ ។

សម្ដេចបន្តថា “របាំព្រះរាជទ្រព្យ” ត្រូវបានចុះក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០០៣ នៅទីក្រុងអ៉ីស្តង់ប៊ុល ប្រទេសតួកគី។ របាំក្បាច់ខ្មែរបុរាណ ឬ របាំព្រះរាជទ្រព្យនេះ ជាទម្រង់របាំសក្ការ: មានភាពល្បីល្បាញ ខាងកាយវិការទន់ភ្លន់ គួរឱ្យចង់គយគន់ និង មានទ្រង់គ្រឿងចាំងភ្លឺផ្លេកៗ។ របាំព្រះរាជទ្រព្យ របាំក្បាច់បុរាណខ្មែរ ជាប្រភេទរបាំ ដែលនាដករ ប្រើចលនាកាយវិកា ក្បាច់ និងមនោសញ្ចោតនា យ៉ាងប៉ិនប្រសប់ ទៅតាមការវិវត្តនៃសាច់រឿង ដែលរៀបរាប់បញ្ជាក់ ដោយទំនុកច្រៀងនៃក្រុមចម្រៀងជាពួក នឹងត្រូវបានប្រគុំដោយវង់ភ្លេងពិណពាទ្យ ដែលមានតួនាទីប្រគំជូនរបាំនេះផងដែរ៕

To Top