ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងបញ្ជាក់ច្បាស់ថា ការបាត់បង់ព្រៃឈើ និងដី គឺបណ្ដាលមកពីកត្តា ប្រជាពលរដ្ឋកើនឡើង ។
ក្នុងឱកាសអញ្ជើញសម្ពោធដាក់ដំណើរការ ទីស្តីការក្រសួងរៀបចំដែនដី នគររូបណីយកម្ម និងសំណង់ថ្មី នាព្រឹកថ្ងៃ៨ វិច្ឆិកានេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «កាប់អស់ឈើ ខ្ញុំថាបានអូខេ ឥឡូវដើម្បីប្រមូលឈើមកវិញ វាយកម្ទេចផ្ទះចោលទាំងអស់ ផ្ទះណាកសាងក្រោយឆ្នាំ៧៩ វាយយកទាំងអស់ ព្រោះឈើវាក្នុងផ្ទះអ្នកទាំងនោះ មានទ្វារ បង្អួច…ស្អីៗនៅក្នុងផ្ទះទាំងអស់ រាប់ទាំងអាពួកប្រឆាំង មិនប្រឆាំង នាំគ្នាថាឈើទៅណាអស់ ចុះបើពួកលោកឯង ចេះតែលើកទឹកចិត្តទៅទិញឈើ តែឈើយកមក គឺមនុស្សកាប់ហើយ បានធ្វើឲ្យវាលំបាកនោះ» ។
សម្ដេចបញ្ជាក់ថា ម្នាក់ៗនាំគ្នាជេរតែ ហ៊ុន សែន ថាបណ្ដោយឲ្យគេកាប់ឈើអស់ គ្មានអ្នកណាបណ្ដោយឲ្យកាប់ទេ តែឈើហ្នឹងគេត្រូវកាប់ មានអ្នកនេះកាប់បន្តិច អ្នកនោះកាប់បន្តិច ខ្លះកាប់ធ្វើអូសដុត ខ្លះទៀតកាប់ធ្វើធ្យូងផង រឿងរ៉ាវវាច្រើនណាស់ណា វាមិនមែនស្រួលទេ ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី សង្កត់ធ្ងន់ថា «ខ្លះអ្នកប្រឆាំង តែវាមកទិញដីខាងនេះដែរ វាមានដីនៅកន្លែងហ្នឹងដែរ អញ្ចឹងបើមិនចង់ឲ្យវាមានដី ទាល់ដកកម្មសិទ្ធិវាចោល យកដីវិញតែម្ដង ។ ប៉ុន្តែយកដីវា វាថាឯងដណ្ដើមដីវាទៀត តែវាអ្នកមកចាប់ដី រឿងវាអញ្ចឹង ហើយចាប់ដីនៅកន្លែងនេះ នៅកន្លែងនោះ ប្រជាជនកើនឡើង គឺវាត្រូវបាត់បង់ដីហើយ ហើយវាគ្មានការអភិវឌ្ឍណាមួយ ដែលគ្មានសម្ពាធលើ បរិស្ថានសោះនោះទេ» ៕