ព័ត៌មានជាតិ

ឧបការីអគ្គលេខាធិការ អង្គការសហប្រជាជាតិ សរសើរកម្ពុជា ក្នុងយុទ្ធនាការ ចាក់វ៉ាក់សាំង

ភ្នំពេញ៖ លោក Khaled KHIARI ឧបការីអគ្គលេខាធិការ អង្គការសហប្រជាជាតិ បានសម្ដែងការកោតសរសើរចំពោះ យុទ្ធនាការចាក់វ៉ាក់សាំង របស់កម្ពុជា ជូនប្រជាពលរដ្ឋក៏ដូចជាជនបរទេសស្នាក់នៅនិងធ្វើការក្នុងប្រទេសកម្ពុជា។

តាមរយៈលើគេហទំព័រហ្វេសប៊ុក របស់លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការបរទេសខ្មែរ បានឱ្យដឹងថា នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ លោកបានទទួលការចូលជួបសម្តែង ការគួរសម ជាមួយលោក Khaled KHIARI ឧបការីអគ្គលេខាធិការអង្គការសហប្រជាជាតិ ក្នុងឱកាសមកបំពេញបេសកកម្មនៅកម្ពុជា។

លោកប្រាក់ សុខុន បានឱ្យដឹងថា «ប្រធានបទការពិភាក្សារវាងភាគីទាំងពីរ មានដូចជា ដំណើរអភិវឌ្ឍន៍របស់កម្ពុជា ការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ១៩ ការធ្វើជាប្រធានអាស៊ានឆ្នាំ២០២២ របស់កម្ពុជា តួនាទី និងការចូលរួមចំណែករបស់យើង ក្នុងនាមជាសមាជិកអង្គការសហប្រជាជាតិ និងកិច្ចសហប្រតិបត្តិការអាស៊ាន-អង្គការសហប្រជាជាតិ។

ផ្ទាំងពាណិជ្ជកម្ម

ក្នុងជំនួបនេះ លោក KHIARI បានកោតសរសើរ យុទ្ធនាការចាក់វ៉ាក់សាំង របស់កម្ពុជា។

ភាគីទាំងពីរ ក៏បានគូសបញ្ជាក់ អំពីសារៈសំខាន់នៃការស្តារឡើងវិញ ដែលយកចិត្តទុកដាក់ លើបរិស្ថាន ក្រោយជំងឺកូវីដ-១៩ និងបន្តលើកកម្ពស់ ការអនុវត្តរបៀបវារៈឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិប្រកបដោយប្រសិទ្ធភាព។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១ កម្ពុជាចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៣,៩៩៩,៧៤១នាក់៕

To Top
×