ព័ត៌មានជាតិ

ចៅក្រមស៊ើបសួរ សម្រេចដោះលែង លោកឧកញ៉ា លី សាយឃាង អោយស្ថិតនៅក្រៅឃុំ បណ្តោះអាសន្ន ពាក់ព័ន្ធបទល្មើស រំលោភលើទំនុកចិត្ត និង បរិហារកេរ្តិ៍

ភ្នំពេញ ៖ លោកសេង លាង ជាចៅក្រមស៊ើបសួរ នៃ សាលាដំបូងរាជធានីភ្នំពេញ កាលពីរាត្រី ថ្ងៃទី ១០ ខែ វិច្ឆិកា ឆ្នាំ ២0២១ បានសម្រេចដោះលែង លោកឧកញ៉ា លី សាយឃាង អោយស្ថិតនៅក្រៅឃុំ ជាបណ្តោះអាសន្ន តែត្រូវដាក់អោយស្ថិតនៅក្រោម ការត្រួតពិនិត្យ អំពីតុលាការ ជាប់ពាក់ព័ន្ធនឹង បទល្មើស រំលោភលើទំនុកចិត្ត និង បរិហារកេរ្តិ៍ជាសាធារណៈ ប្រព្រឹត្តនៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ សង្កាត់និមិត្ត និងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីអំឡុងឆ្នាំ២០១៨ និងអំឡុងឆ្នាំ២០១៩ ។

សមត្ថកិច្ចនគរបាលនគរបាល បានឱ្យដឹងថា ការឃាត់ខ្លួនលោកឧកញ៉ា លី សាយឃាង ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ៩ ខែ វិច្ឆិកា ឆ្នាំ ២០២១ នៅខេត្តសៀមរាប តាមដីកាបង្គាប់ឱ្យនាំខ្លួន របស់លោក សេង លាង ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ក្រោមការចោទប្រកាន់ពី៧ “រំលោភលើទំនុកចិត្ត និងបរិហារកេរ្តិ៍ជាសាធារណៈ” ។

យោងតាមដីកាបង្គាប់ ឱ្យនាំខ្លួនរបស់ចៅក្រមស៊ើបសួរ សេង លាង ចុះ កាលបរិច្ឆេទ រលេខ ៣៦៥០ ចុះថ្ងៃទី៨ ខែវិច្ឆិកាឆ្នាំ២០២១ បានឱ្យដឹងថា នៅក្នុងសំណុំរឿងក្តីនេះ, ជនត្រូវចោទឈ្មោះ លី សាយឃាង ភេទប្រុស អាយុ ៥៨ឆ្នាំ ជនជាតិខ្មែរ មុខរបរពាណិជ្ជករ មានស្រុកកំណើតនៅឃុំថ្មស ស្រុកគិរីសាគរ ខេត្តកោះកុង និងមានទីលំនៅផ្ទះលេខ៥៣ ផ្លូវលេខ១៨៤ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ឈ្មោះ លី សាយឃាង ត្រូវបានតំណាងអយ្យការ ចោទប្រកាន់ពីបទ: រំលោភលើទំនុកចិត្ត និងបរិហារកេរ្តិ៍ជាសាធារណៈ បទល្មើស ដែលមាន មានចែងឱ្យផ្តន្ទាទោសតាមមាត្រា ៣៩១ មាត្រា ៣៩២ និងមាត្រា ៣០៥ នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តនៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ , សង្កាត់និមិត្ត និងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីអំឡុងឆ្នាំ២០១៨ និងអំឡុងឆ្នាំ២០១៩ ។

លោកចៅក្រមសេង លាង បាន សម្រេចទី ១-បង្គាប់ឱ្យនាំឈ្មោះ លី សាយឃាង ភេទប្រុស អាយុ ៥៨ឆ្នាំ ជនជាតិខ្មែរ ដែលមានអត្តសញ្ញាណខាងលើនេះ ។

ទី២-បង្គាប់មកកងកម្លាំងសាធារណៈ ឱ្យចាប់ និងនាំខ្លួនឈ្មោះខាងលើនេះ មកប្រគល់ជូនសាលាដំបូងរាជធានីភ្នំពេញ ឱ្យបានមុនថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ដើម្បីចាត់ការតាមច្បាប់។

ពាក់ព័ន្ធនឹងការចោទប្រកាន់ខាងលើនេះ, លោកឧកញ៉ា លី សាយឃាង មិនអាចទាក់ទង ដើម្បីសុំព័ត៌មានបានឡើយ៕

ដោយ រស្មី អាកាស

To Top