ព័ត៌មានជាតិ

បេកក្ខជន ប្រឡងបាក់ឌុបឆ្នាំនេះ មានជាង១០ម៉ឺននាក់ (Video)

ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួង អប់រំ យុវជន និងកីឡា បានបញ្ជាក់ឲ្យដឹងថា សម័យប្រឡងសញ្ញាបត្រទុតិយភូមិ ឬបាក់ឌុបឆ្នាំ២០២១នេះ មានបេក្ខជនដាក់ពាក្យ ប្រឡងប្រមាណជាង១0ម៉ឺននាក់ ខណៈក្រសួងកំណត់មណ្ឌលប្រឡង ទូទាំងប្រទេសចំនួន២០៤ និងបន្ទប់ជាង៤០០០ ។

លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំបានឲ្យដឹងនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ថា “ខ្ញុំសូមជម្រាបជូនទិន្នន័យបឋមគិតត្រឹមពេលនេះ សម្រាប់ប្រឡងបាក់ឌុប ចំនួនបេក្ខជនសរុបចំនួន១១៥ ១៣៩នាក់ (បេក្ខនារីចំនួន ៦០ ៦៦១នាក់)។ ចំនួនមណ្ឌលចំនួន ២០៤និងចែកចេញចំនួន បន្ទប់ចំនួន ៤៦៥១” ។

លោកបន្តថា ក្រសួងបានរំកិលកាលបរិច្ឆេទ ប្រឡងបាក់ឌុបទៅថ្ងៃ២៧ ធ្នូ ២០២១ ដើម្បីទុកឱកាស ជូនសិស្សថ្នាក់ទី១២ មានពេលបន្ថែមរៀន ត្រៀមប្រឡង ។ កាលបរិច្ឆេទនេះ មានគម្លាតអាចទទួលយកបានធៀប នឹងបវេសនកាលឆ្នាំសិក្សា២០២១-២០២២ ដែលចាប់ផ្តើមនាថ្ងៃទី១០ ខែមករា ២០២២ ។

លោកគូសបញ្ជាក់ថា ការប្រឡងបាក់ឌុប ត្រូវបន្តអនុវត្តន៍គោលការណ៍ច្បាប់យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ស្របនឹងវិធានការ សុវត្ថិភាពសុខភាព ៕ សំណាង

To Top