នយោបាយ

លោក សយ សុភាព៖ មន្ត្រីយោធាខ្មែរ៤រូប រងអយុត្តិធម៌ ព្រោះកត្តា ភូមិសាស្ត្រនយោបាយ ពាក់ព័ន្ធ តំបន់តារាសាគរ និងកំពង់ផែរាម

ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលសារព័ត៌មាន ដើមអម្ពិល និងជាប្រធានសមាគម អ្នកសារព័ត៌មាន កម្ពុជា-ចិន បានលើកឡើងថា មន្ត្រីយោធាខ្មែរ៤រូប រងអយុត្តិធម៌ ព្រោះកត្តាភូមិសាស្ត្រនយោបាយ ពាក់ព័ន្ធ តំបន់តារាសាគរនិងកំពង់ផែរាម ដែលសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្ត បានចោទថាជាទីតាំង ចិនកសាងមូលដ្ឋានយោធា។

សូមបញ្ជាក់ថា គិតមកដល់ខែវិច្ឆិកា ឆ្នាំ២០២១ សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មលើមន្រ្តីជាន់ខ្ពស់ និងអ្នករកស៊ីខ្មែរចំនួន៥នាក់ហើយ រួមមាន ៖ លោក ហ៊ីង ប៊ុនហៀង មេបញ្ជាការនៃបញ្ជាការដ្ឋានអង្គរក្ស លោក គន់ គីម អនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក ចៅ ភិរុណ លោក ទៀ វិញ និងលោកឧកញ៉ា ទ្រី ភាព ។

តាមរយៈគេហទំព័រហ្វេសប៊ុក នៅយប់ថ្ងៃទី១២ វិច្ឆិកានេះ លោក សយ សុភាព បានលើកឡើងថា «វាគ្មានហេតុផល អ្វីត្រូវមកដាក់ទណ្ឌកម្ម មន្ត្រីយោធាខ្មែរ៤រូបនេះ ដោយសារពុករលួយទេ តែមកពីអាមេរិក យល់ថាមន្ត្រីទាំងយោធាទាំង៤រូប ពាក់ព័ន្ធទៅនឹង តំបន់តារាសារគនិងកំពង់ផែរាម ព្រោះអាមេរិកចោទថា ចិនកសាងមូលដ្ឋានយោធា»។

លោក សយ សុភាព ថា«វាពិតជាអយុត្តិធម៌ សម្រាប់មេទ័ពខ្មែរ និងប្រទេសខ្មែរទាំងមូល»។

លោកក៏បានឱ្យដឹងផងដែរថា អាមេរិកនិងក្រុមប្រទេសភ្នែក៥នេះ ដើរកកូកកាយប្រទេសផ្សេងៗទៀត ដូចយើងអញ្ចឹងឱ្យតែប្រទេសនោះ នៅក្នុងប្លុកប្រ៊ី ដែលមានមហាមិត្តចិននាំមុខ។

លោក សយ សុភាព បន្តថា «លោក ទៀ វិញ មេទ័ពជើងទឹក លោក ចៅ ភិរុណ អ្នកទទួលខុសត្រូវផ្នែកសម្ភារៈយោធា ក្រសួងការពារជាតិ លោក ហ៊ីង ប៊ុនហៀង មេបញ្ជាការអង្គរក្ស សម្តេចតេជោ ហ៊ុន សែន លោក គន់ គីម ធ្លាប់មានភារកិច្ច មើលការខុសត្រូវ តំបន់អភិវឌ្ឍន៏នៅតារាសារគ។ ដូច្នេះអាមេរិករករឿង មេទ័ពណាដែលពាក់ព័ន្ធទទួលខុសត្រូវខាងលើ ដែលអាមេរិកចោទថា ជាកន្លែងដែលចិន កសាងមូលដ្ឋានយោធា។ ឈរលើជាក់ស្តែង វាគ្មានការពិតដូចការចោទ របស់អាមេរិកទេ»។

លោក សយ សុភាព បញ្ជាក់ថា «ផ្អែកលើភូមិសាស្ត្រនយោបាយ ដូចបាននិយាយជាច្រើន លើកកន្លងមក អាមេរិកនឹងវាយប្រហារខ្មែរកាន់តែខ្លាំង ជាមួយសម្ព័ន្ធមិត្តរបស់គេមិនដកដៃ ពិសេសពេលនេះខ្មែរ ជាប្រធានអាស៊ានប្តូរវេន។ លើកក្រោយដល់វេន ប្រធានបទទន្លេមេគង្គ ទន្លេសាប ដែលពួកនេះចាត់ទុក ជាចំណុចក្តៅ ដែលត្រូវរករឿង ព្រោះពួកនេះយល់ថាចិនកំពុង កាន់កាប់។

លោកថា អាមេរិកនឹងមិនហ៊ានផ្តាច់ GSP ទេ ហើយក៏មិនហ៊ានដាក់ទណ្ឌកម្ម សេដ្ឋកិច្ចលើរដ្ឋាភិបាលដែរ។ ម៉្យាង EBAរបស់អឺរ៉ុប ក៏ដូចគ្នាដែរ។

លោក សយ សយ សុភាព សង្កត់ធ្ងន់ថា «ពួកអ្នកឯងត្រូវចាំថា ពេលនេះអ្នកមិនអាចខោកក្បាលខ្មែរ ដាក់អាណានិគមលើខ្មែរ ហែកដីខ្មែរចែកគ្នាតទៅទៀតបានទេ។ យើងប្រាប់ទៅពួកអ្នកឯងវិញថា យើង មិនបានដេកភ្លេច ដូចពួកអ្នកឯងគិតទេ ហើយក៏ដឹងថា ពួកអ្នកឯងក៏ធ្វើជាស្រលាញ់យើងដែរ»៕

To Top