ព័ត៌មានជាតិ

សមាជិកសភាថៃ ច្រានចោលសេចក្តីព្រាងច្បាប់ ដែលមានគោលដៅកាត់បន្ថយតួនាទី នយោបាយរបស់យោធា

បរទេស៖ រដ្ឋសភារបស់ប្រទេសថៃ នៅថ្ងៃពុធនេះ បានច្រានចោលសេចក្តីព្រាងច្បាប់មួយ ដែលមានគោលដៅពង្រឹងលទ្ធិប្រជាធិបតេយ្យ ដោយអ្នកគាំទ្រសេចក្តីព្រាងច្បាប់នេះ ស្វះស្វែងលុបចោល ឬក៏ផ្លាស់ប្តូរស្ថាប័នសំខាន់ៗ ដែលពួកគេនិយាយថាត្រូវបានប្លន់យក ដោយឥស្សរជនយោធា។ 

កិច្ចប្រជុំរួមគ្នានៃរដ្ឋសភា និងព្រឹទ្ធសភារបស់ប្រទេសថៃ តាមសេចក្តីរាយការណ៍ បានបោះឆ្នោត៤៧៣សម្លេងទល់នឹង២០៦សម្លេងច្រានចោលសេចក្តីព្រាងច្បាប់នោះ និងមានការធ្វើអនុប្បវាទ ចំនួន៦សម្លេង ដែលស្នើឲ្យរដ្ឋធម្មនុញ្ញអនុម័តក្រោម របបយោធាក្នុងឆ្នាំ២០១៧ ត្រូវបានផ្លាស់ប្តូរ ដើម្បីធានាឲ្យមានការ បែងចែកអំណាចច្បាស់លាស់។ 

សេចក្តីព្រាងច្បាប់នោះ គឺត្រូវបានគាំទ្រដោយអ្នកដាក់ញត្តិចំនួន១៣០.០០០នាក់ និងស្វះស្វែងឲ្យរំលាយចោលព្រឹទ្ធសភាតែងតាំងដោយរបប យោធាមានចំនួន២៥០អាសនៈ និងរៀបចំឡើងវិញនូវ រចនាសម្ព័ន្ធតុលាការរដ្ឋធម្មនុញ្ញ និងទីភ្នាក់ងារសំខាន់ៗរបស់រដ្ឋ។ 

ផ្ទាំងពាណិជ្ជកម្ម

គួរបញ្ជាក់ថា រដ្ឋាភិបាលរបស់ប្រទេសថៃ គឺនៅតែត្រូវបានដឹកនាំដោយស្ថាបនិករដ្ឋប្រហារឆ្នាំ២០១៤ ដែលនៅតែស្ថិតនៅក្នុងអំណាច ក្រោយការបោះឆ្នោតឆ្នាំ២០១៩ ជាការបោះឆ្នោត មួយត្រូវក្រុមប្រឆាំងនិយាយថា ត្រូវបានលើកកម្ពស់ទៅតាមការពេញចិត្តរបស់យោធា៕ 

ប្រែសម្រួល៖ ប៉ាង កុង 

To Top