ព័ត៌មានជាតិ

ថ្ងៃទី២ នៃពិធីបុណ្យអុំទូក នៅទូទាំងប្រទេស ទទួលបានភ្ញៀវទេសចរ ជាង៣៣ម៉ឺននាក់

ភ្នំពេញ ៖ ក្នុងនាឱកាសថ្ងៃឈប់សម្រាកទី២ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ ភ្ញៀវទេសចរសរុបមានចំនួន៣៣២,៨៧៥នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន៣២៨,៤១២នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង៤,៤៦៣នាក់។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងទេសចរណ៍ នាថ្ងៃទី២០ វិច្ឆិកា នេះ លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ បានបញ្ជាក់ថា ដូចការរំពឹងទុក ចរន្តភ្ញៀវទេសចរនាថ្ងៃឈប់សម្រាកទី២នេះ មានការកើនឡើងខ្លាំង ពោលគឺកើនឡើង១៥២.១៥% ធៀបនឹងថ្ងៃទី១ម្សិលមិញ។ ដូច្នេះសរុបរយៈពេល២ថ្ងៃនេះ ភ្ញៀវសរុបមានចំនួន៤៦៤,៨៨៨នាក់។

លោក បានបន្ដថា សកម្មភាពពេលរាត្រីនៅតាមបណ្តាទីរួមខេត្ត រាជធានី និងទីប្រជុំជននានាមានភាពអ៊ូអរ បន្ទាប់ពីរាជរដ្ឋាភិបាលបានអនុញ្ញាតឲ្យសកម្មភាពកម្សាន្តដូចជាបៀរហ្កាដិនជាដើម បានបើកដំណើរការឡើងវិញដែលជាគាំទ្រដល់ការដើរកម្សាន្តរបស់ភ្ញៀវទេសចរនៅតាមគោលដៅទេសចរណ៍ និងរមណីយដ្ឋាននានា បង្កើនការចំណាយរបស់ភ្ញៀវទេសចរ និងបង្កើនចំណូលរបស់វិស័យឯកជន និងប្រជាពលរដ្ឋ។

លោក បានលើកឡើងអំពីការគ្រប់គ្រងគុណភាពសេវាកម្ម ផលិតផលទេសចរណ៍ បរិស្ថាន អនាម័យ គឺពុំមានបញ្ហាកត់សម្គាល់ណាមួយកើតឡើងទេ ស្របពេលដែលមូលដ្ឋានអាជីវកម្មទេសចរណ៍ភាគច្រើនបានខិតខំផ្តល់សេវាជូនភ្ញៀវទេសចរប្រកបដោយស្តង់ដា ទោះបីប្រឈមនឹងបញ្ហាជំងឺកូវីដ-១៩នាពេលកន្លងមក៕

To Top