ព័ត៌មានជាតិ

និស្សិតច្បាប់ថ្នាក់បណ្ឌិត និង ជាអតីតសកម្មជន គណបក្សសង្គ្រោះជាតិម្នាក់ ត្រូវបាន ជនអនាមិកសម្លាប់ យ៉ាងអាណោចអាធម៌ នៅសង្កាត់ជ្រោយចង្វារ

ភ្នំពេញ: លោក សិន ខុន ជាអតីតសកម្មជនអតីគណបក្សសង្គ្រោះជាតិ និង ជានិស្សិតច្បាប់ថ្នាក់បណ្ឌិត ត្រូវបានជនអនាមិក មួយក្រុមវ៉ៃសម្លាប់ យ៉ាងអាណោចអាធម៌បំផុត កាលពី វេលារំលងអាធ្រាត ចូលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅថ្ងៃបិទបញ្ចប់នៃពិធីបុណ្យអុំទូក នៅក្នុងរាជធានីភ្នំពេញ។

អំពីឃាតកម្មនេះ បានកើតឡើង កាលពីវេលាម៉ោងប្រមាណ១:៣០ នាទី អាធ្រាត នា ថ្ងៃទី អាទិត្យទី ២១ ខែ វិច្ឆិកា ឆ្នាំ ២០២១នេះ ស្ថិតនៅនៅម្ដុំវត្តចាស់ នៅក្នុងសង្កាត់ជ្រោយចង្វារ ខ័ណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

សមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វារ បាននិយាយថា រហូតដល់ពេលនេះ, សមត្ថកិច្ចនគរបាលមិនទាន់ដឹងពីមូលហេតុ នៃ អំពើឃាតកម្មខាងលើនេះ ឬ ឃាត់ខ្លួនសង្ស័យបាននៅឡើយនោះទេ។

សមត្ថកិច្ចនគរបាលបាននិយាយថា ឥឡូវនេះ សមត្ថកិច្ចនគរបាលជំនាញ កំពុងតែដុតដៃដុតជើង ស្រាវជ្រាវរកជនដៃដល់ ដែលបានសម្លាប់ជនរងគ្រោះ ខាងលើ ដើម្បីនាំខ្លួន យកមកផ្តន្ទាទោសតាមច្បាប់ជាធរមាន។

យោងតាមប្រភពព័ត៌មានពី មិត្តភក្តិជិតស្និទ្ធរបស់ជនរងគ្រោះ បានអោយដឹងថា សពរបស់ជនរងគ្រោះខាងលើនេះ មានឈ្មោះ លោក សិន ខុន អាយុជាង ៣០ ឆ្នាំ ជាអតីតសកម្មជនអតីតគណបក្សសង្គ្រោះជាតិ។

លោកស៊ិន ខុន មានស្រុកកំណើតនៅក្នុងខេត្តតាកែវ និង ជាកូនកសិករក្រីក្រ ហើយ ក្រោយពីបញ្ចប់ការសិក្សាថ្នាក់បាក់ឌុបនៅវិទ្យាល័យ ក្នុងខេត្តតាកែវ លោកបានមក បន្ដការសិក្សនៅ រាជធានី ភ្នំពេញ រហូតមកដល់ពេលបច្ចុប្បន្ននេះ។

លោកស៉ិន ខុន បានបញ្ចប់ថ្នាក់បរិញ្ញាបត្រច្បាប់ ក្នុងឆ្នាំ២០១៤, បញ្ចប់ថ្នាក់បរិញ្ញាបត្រច្បាប់ជាន់ខ្ពស់ ( អនុបណ្ឌិតច្បាប់) ក្នុងឆ្នាំ២០១៧។

បច្ចុប្បន្ននេះ លោកស៉ិន ខុន កំពុងតែសិក្សាបន្ដថ្នាក់បណ្ឌិត វិទ្យាសាស្ដ្រនយោបាយ នៅសកលវិទ្យល័យមួយ នៅក្នុងរាជធានីភ្នំពេញ៕

ដោយ រស្មី អាកាស

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×