ព័ត៌មានជាតិ

កម្ពុជា-ឡាវ បង្កើនកិច្ចសហប្រតិបត្តិការបង្ក្រាបគ្រឿងញៀន និងទប់ស្កាត់ បទល្មើសផ្សេងៗ

ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឧត្តមសេនីយ៍ឯក វីល័យ ឡាខាំហ្វង រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ បានប្ដេជ្ញារួមគ្នាបង្កើន និងពង្រឹងកិច្ចសហប្រតិបត្តិការបង្ក្រាបសកម្មភាពជួញដូរគ្រឿងញៀន ព្រមទាំងពង្រីកវិសាលភាពផ្លាស់ប្ដូរព័ត៌មាន ដើម្បីទប់ស្កាត់បទល្មើសផ្សេងៗ។ នេះបេីយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់​ក្រសួងមហាផ្ទៃ។

ក្នុងកិច្ចប្រជុំវាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការ ឆ្នាំ២០២០-២០២១ និងចុះហត្ថលេខាលើកំណត់ហេតុកិច្ចសហប្រតិបត្តិការ ឆ្នាំ២០២២ រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្ដិសុខឡាវ នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ តាមប្រព័ន្ធវិដេអូ សម្តេចក្រឡាហោម ស ខេង និងឧត្តមសេនីយ៍ឯក វីល័យ ឡាខាំហ្វង បានបង្កើន និងពង្រឹងបន្ថែមនូវយន្តការសហប្រតិបត្តិការបង្ក្រាបសកម្មភាពជួញដូរគ្រឿងញៀន ខុសច្បាប់ ព្រមទាំងពង្រីកវិសាលភាពការផ្លាស់ប្ដូរព័ត៌មាន ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាប សកម្មភាពជួញដូរ ដឹកជញ្ជូនគ្រឿងញៀនខុសច្បាប់ ដែលកើតឡើងតាមបណ្ដោយព្រំដែន។

លើសពីនេះទៀត ភាគីទាំងពីរ បានបង្កើនការគ្រប់គ្រង និងត្រួតពិនិត្យតាមបណ្ដោយព្រំដែន ក្នុងដែនសមត្ថកិច្ចរៀងៗខ្លួន និងចាត់វិធានការទាន់ពេលវេលា ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ ជាពិសេស ការលួចឆ្លងដែនខុសច្បាប់ បទល្មើសព្រៃឈើ ការទន្ទ្រានកាប់ព្រៃធ្វើការដាំដុះ និងការបរបាញ់សត្វដោយខុសច្បាប់ និងសកម្មភាពផ្សេងទៀត ដែលផ្ទុយនឹងបទប្បញ្ញត្តិព្រំដែន។

ជាមួយគ្នានេះដែរ ភាគីទាំងពីរ ក៏បាន បន្តយកចិត្តទុកដាក់ត្រួតពិនិត្យ និងសម្រួលការចេញ-ចូល តាមច្រកទ្វារអន្តរជាតិ ស្របតាមនីតិវិធីជាធរមាន រួមទាំងការផ្លាស់ប្ដូរពាណិជ្ជកម្ម ទេសចរណ៍ ការពិនិត្យព្យាបាលជំងឺការសួរ សុខទុក្ខបងប្អូន និងការចូលរួមពិធីផ្សេងៗតាមប្រពៃណី ព្រមទាំងសហការដោះស្រាយបាតុភាព នានាតាមបណ្ដោយព្រំដែន ឈរលើស្មារតីមិត្តភាព សាមគ្គីភាព និងការគោរពអធិបតេយ្យគ្នា ទៅវិញទៅមក៕

To Top