ព័ត៌មានជាតិ

តុលាការឧទ្ធរណ៍ ជម្រះបណ្តឹងឧទ្ធរណ៍របស់បុរសជាប់ចោទ២នាក់ ជាប់ពាក់ព័ន្ធនឹងអំពើឃាតកម្ម សម្លាប់ បុរសតាក់ស៊ីម្នាក់ នៅខេត្តស្វាយរៀង

ភ្នំពេញ: សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ២០២១ បានបើកសវនាការជំនុំជំម្រះ លើបណ្ដឹងឧទ្ធរណ៍ របស់ជនជាប់ចោទចំនួន ២ នាក់ ដែលត្រូវបានតុលាការដំបូងខេត្តស្វាយរៀង កាត់ទោសដាក់ពន្ធនាគារកំណត់ ម្នាក់ៗ កំណត់ ១២ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងបទល្មើស ឃាតកម្ម ដោយព្រួតគ្នាវាយសម្លាប់ បុរសអ្នកបើកឡាន តាក់ស៊ី ម្នាក់ ក្នុងរឿងជម្លោះគ្រោះថ្នាក់ចរាចរណ៍ ប្រព្រឹត្តកាលពីអំឡុងឆ្នាំ ២០១៨ នៅខេត្តស្វាយរៀង ។

លោក ប្លង់ សំណាង ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ នៃ សាលាឧទ្ទរណ៍ រាជធានី ភ្នំពេញ បានអោយដឹងថា ជនជាប់ចោទខាងលើ មានឈ្មោះ ទិត រាជ ភេទ ប្រុស អាយុ ១៩ ឆ្នាំ និង ម្នាក់ទៀត ឈ្មោះ ជួន សុជាតិ ភេទ ប្រុស អាយុ ៤៣ ឆ្នាំ ។

ចំណែក ជនរងគ្រោះ មានឈ្មោះ គុជ សំ​អៀ​ត ភេទ​ប្រុស អាយុ ៣៦ ឆ្នាំ មុខរបរ​រត់​តាក់ស៊ី មាន​ទីលំនៅ​ភូមិ​ព្រៃ​ឈើទាល ឃុំ​ប្រសូតិ ស្រុក​ស្វាយទាប​ ខេត្ត​ស្វាយរៀង ។

ជនជាប់ចោទ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពី ថ្ងៃទី ៩ ខែ តុលា ឆ្នាំ ២០១៨ បន្ទាប់ពី មានការសង្ស័យថា បានរួមគ្នា សម្លាប់ជនរងគ្រោះ កាលពីថ្ងៃទី ៨ ខែ តុលា ឆ្នាំ ២០១៨ ប្រព្រឹត្ត នៅព្រៃ​ឈើទាល ឃុំ​ប្រសូតិ ស្រុក​ស្វាយទាប​ ខេត្ត​ស្វាយរៀង ។

ជនជាប់ចោទ ត្រូវបានតុលាការដំបូងខេត្ត ស្វាយរៀង កាល អំឡូង ឆ្នាំ ២០១៩ កាត់ទោសដាក់ពន្ធនាគា ក្នុង ម្នាក់ៗ កំណត់ ១២ ឆ្នាំ ក្រោមការចោទប្រកាន់ពីបទ ឃាតកម្ម តាមបញ្ញត្តិមាត្រា ១៩៩ នៃ ក្រមព្រហ្មទណ្ឌ។

តែពួកគេបានប្តឹងមកកាន់សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ ។ សាលាឧទ្ធរណ៍បាន សម្រេច បន្ធូរបន្ថយទោស ពួកគេ ពី ជាប់ពាក់គុក ក្នុងម្នាក់ៗ ១២ ឆ្នាំ មកនៅត្រឹម១០ ឆ្នាំ ក្នុងម្នាក់។ តែ ពួកគេបន្តប្តឹងសារទុក្ខ ទៅកាន់ តុលាការកំពូលទៀត។

ផ្ទាំងពាណិជ្ជកម្ម

តុលាការកំពូល កាលពីពី ខែ មេសា ឆ្នាំ ២០២១ ក៏បានសម្រេច បង្វិលសំណុំរឿងក្តីនេះ មកកាន់ សាលាឧទ្ធរណ៍រាជធានីភ្នំពេញ ដើម្បីជំនុំជម្រះ សារជាថ្មី ឡើងវិញ។

នាពេលសវនាការ, ជនជាប់ចោទទាំង២ អវត្តមាន។ ក៏ប៉ុន្តែ មេធាវីការពាររក្តីបស់ជនជាប់ចោទ បានឆ្លើយបដិសេធចំពោះការចោទប្រកាន់ និង ការផ្តន្ទាទោសទោស អំពើតុលាការខេត្តស្វាយរៀង ដែលបាន កាត់ក្ដី អោយកូនក្តី មានទោស។

លោកមេធាវីបានអះអាងថា កូនក្តីទាំង២ របស់គាត់ មិនបានសម្លាប់ជនរងគ្រោះនោះទេ ហើយក៏ មិនបានប្រព្រឹត្តអ្វី ដូចការចោទប្រកាន់នោះដែរ ។

លោក មេធាវី បានសំណូមពរ ដល់ក្រុមប្រឹក្សាចៅក្រម ជំនុំជម្រះ សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ សម្រេចលើកការចោទប្រកាន់ និង ដោះលែងកូនក្តី អោយមានសេរីភាពវិញ។

សំណុំរឿងក្តីនេះ សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ នឹងប្រកាសសាលដីកា នៅថ្ងៃទី ១០ ខែ ធ្នូ ឆ្នាំ ២០២១ វេលាម៉ោង ៨ ព្រឹក៕ ដោយ រស្មី អាកាស

To Top
×