ភ្នំពេញ ៖ នៅព្រលឹមស្រាងៗព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានបង្កការភ្ញាក់ផ្អើលជាខ្លាំង ដល់ប្រជាពលរដ្ឋ ដែលមានទីលំនៅក្នុងភូមិពាម ឃុំរកាកោង ស្រុកមុខកំពូល ខេត្តកណ្តាល ដោយសារបាក់ផ្លូវ ក្នុងទ្រង់ទ្រាយធំ នៅជាប់មាត់ទន្លេ ដែលធ្វើឲ្យពួកគាត់ភ័យបារម្ភ ពិបាកក្នុងការធ្វើដំណើរ ឆ្លងកាត់ ទៅវិញទៅមក ។
បើតាមពលរដ្ឋម្នាក់ ដែលធ្វើដំណើរ ឆ្លងកាត់ទីតាំងនេះរាល់ថ្ងៃថា ការបាក់ផ្លូវនេះ គឺបណ្តាលមកពីការបូមខ្សាច់ ។ ការបូមខ្សាច់នេះ មានរយៈពេលវេលាយូរឆ្នាំ មកហើយ ហើយពលរដ្ឋបានរអ៊ូរទាំថា នឹងដាច់ផ្លូវ ឥឡូវនេះ ជាក់ស្តែងដូចការ រអ៊ូរបស់ពួកគាត់មែន ។
ពលរដ្ឋខាងលើបន្តថា បាក់ផ្លូវនេះមាន២ទីតាំង មួយកន្លែងទៀតបាក់យូរហើយ តែមិនធ្ងន់ធ្ងរដូចបាក់មួយកន្លែងនេះទេ ព្រោះបានពលរដ្ឋយកបាវ ដាក់ដីទប់ទាន់ពេលវេលា ។
ក្នុងនោះ ពលរដ្ឋដដែលនេះ ក៏បានអំពាវនាវឲ្យពលរដ្ឋ ដែលមានរថយន្ដធ្វើដំណើរឆ្លងកាត់ តាមរកាកោងទៅស្ដៅកងតាណឹង រកាអាថ្លុងជំរៅពាមជីកង ត្រូវវៀងទៅផ្លូវផ្សេង ព្រោះធ្វើដំណើរលែងកើតហើយ ។
មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល មិនអាចសុំការបំភ្លឺពីមេឃុំរកាកោង សួរអំពីការបាក់ផ្លូវនេះ បណ្តាលមកពីមូលហេតុអ្វីបានទេ ៕