ព័ត៌មានជាតិ

នាយឧត្តមសេនីយ៍ នេត សាវឿន បញ្ជាឲ្យចាប់ខ្លួនបុរស​ ដែលប្រមាថ សមត្ថកិច្ចអនុវត្តច្បាប់ចរាចរណ៍

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាឲ្យនគរបាលរាជធានីភ្នំពេញ ត្រូវស្រាវជ្រាវបន្ទាន់ តាមចាប់ខ្លួនបុគ្គលម្នាក់ ដែលល្មើសច្បាប់ចរាចរណ៍ ហើយជេរប្រមាថមាក់់ងាយ មន្ដ្រីនគរបាលចរាចរណ៍ ដែលកំពុងអនុវត្តច្បាប់ចរាចរណ៍ នៅគោលដៅស្ពានអាកាសស្ទឹងមានជ័យ ដើម្បីបញ្ជូនទៅតុលាការ ។

តាមរយៈសារសំឡេង នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ នាយឧត្តមសេនីយ៍ នេត សាវឿន បានថ្លែងថា ករណីយុវជនម្នាក់រកវាយប៉ូលិសចរាចរណ៍ជើងគោក នៅចំណុចគោលដៅ ក្រោមស្ពានអាកាសស្ទឹងមានជ័យ កាលពីថ្ងៃ២៥ វិច្ឆិកា ស្នងការនគររាជធានី-ខេត្ត ត្រូវដកបទពិសោធន៍ ជាបន្ទាន់។

នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា «ឯកឧត្តម ហ៊ឹម យ៉ាន ជានាយកដ្ឋានចរាចរណ៍ និងចរាចរណ៍ទូទាំងប្រទេស ខ្ញុំបានណែនាំច្រើនដងហើយ មានករណីកើតឡើង មាក់ងាយ មើលថោក មកលើកម្លាំងសមត្ថកិច្ចដែលកំពុងបំពេញកាព្វកិច្ចនៅលើដងផ្លូវសាធារណៈ មានបញ្ហាហ្នឹងភ្លាម ហើយអន្ដរាគមន៍ដាក់ខ្នោះភ្លាមត្រូវយកមកប៉ុសិ៍ត អត់មានឈ្លោះ អត់មានប្រកែកយើងត្រូវប្ដឹងទៅតុលាការ ពីបទរារាំងបំផ្លាញកិច្ចការរបស់យើង មាក់ងាយ មើលថោក កងកម្លាំង ។ រឿងនេះភ្នំពេញ ត្រូវរៀបចំឯកសារទៅតុលាការ ហើយដកពិសោធន៍កម្លាំងចរាចរណ៍ទូទាំងប្រទេស ដកពិសោធន៍ឲ្យខ្ញុំ ឲ្យបាន កុំឈ្លោះនៅផ្លូវ អន្ដរាគមន៍ ត្រូវត្រៀមជាស្រេច ដើម្បីជួយតាមគ្រប់គោលដៅ»។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ប៉ូលិសចរាចរណ៍កំពុងឈរជើងនៅចំណុចគោលដៅ ក្រោមស្ពានអាកាសស្ទឹងមានជ័យ ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកស្មាស់រីវ៉ូ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1BG- 5792 ជិះដោយបុរសម្នាក់ មិនទាន់ស្គាល់អត្តសញ្ញាណ (ពាក់អាវស ម៉ូតូគ្មានកញ្ចក់) ក្នុងទិសដៅពីកើតទៅលិច បម្រុងបត់ឆ្វេង តែឃើញសមត្ថកិច្ច បែរជាបត់ត្រឡប់ក្រោយជិះបញ្រ្ចាសទិសចរាចរណ៍រកបុកគេឯងថែមទៀត ទើបសមត្ថកិច្ចធ្វើការស្ទាក់ឃាត់ បណ្តាលឲ្យដួលម៉ូតូខ្លួនឯង តែមិនមានរងរបួសអ្វីនោះទេ។

បន្ទាប់លើកម៉ូតូរួច បុរសចិត្តខ្លាំងខាងលើ បានបញ្ចេញកាយវិការដ៏ក្អេងក្អាង ចង្អុល និងប្រើសម្តីគ្មានសីលធម៌ ទៅលើសមត្ថកិច្ចជាច្រើនរូប ជាពិសេស គឺស្ទុះរកវាយសមត្ថកិច្ចម្នាក់ចង់ស៊ីសាច់ ៕

To Top
×