ព័ត៌មានជាតិ

លោក វ៉ាង វិនធៀន ៖ កម្ពុជា ក្លាយជាទិសដៅ វិនិយោគ ដ៏សំខាន់របស់ចិន

ភ្នំពេញ ៖ លោក វ៉ាង វិនធៀន (WANG Wentian) ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា បានថ្លែងថា ក្នុងដំណាក់កាលកូវីដ-១៩ កម្ពុជា-ចិន កាន់តែមានភាពជិតស្និទ្ធ ថែមមួយកម្រិតទៀត ហើយកម្ពុជា ក្លាយជាទិសដៅវិនិយោគ ដ៏សំខាន់របស់ចិន ផងដែរ ។ នេះបើយោងតាមសេចក្ដី ប្រកាសព័ត៌មានរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ។

ក្នុងសិក្ខាសាលាផ្សព្វផ្សាយច្បាប់ ស្ដីពី វិនិយោគថ្មី នៃព្រះរាជាណាចក្រកម្ពុជា តាមប្រព័ន្ធវីដេអូ ជូនវិនិយោគិននិងធុរជនចិននៅកម្ពុជា និងនៅក្រៅប្រទេស នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ លោក វ៉ាង វិនធៀន បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលបានតាក់តែងច្បាប់ ស្តីពីវិនិយោគ នេះឡើង។

លោក បានលើកឡើងថា «ទំនាក់ទំនងល្អរវាង ចិន និងកម្ពុជា មានតាំងពីយូរលង់ណាស់មកហើយ ជាពិសេស ឆ្លងកាត់នូវការរាតត្បាតនៃជំងឺកូវីដ-១៩ ទំនាក់ទំនង រវាងប្រទេសទាំងពីរកាន់តែមានភាពជិតស្និទ្ធថែមមួយកម្រិតទៀត ។ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ថ្នាក់ដឹកនាំ និងការខិតខំ របស់ប្រជាជន នៃប្រទេស ទាំងពីរ ទំនាក់ទំនងទ្វេភាគី បានឈានដល់កម្រិតល្អបំផុត ជាប្រវត្តិសាស្ត្រ ហើយកម្ពុជា បានក្លាយជាទិសដៅ វិនិយោគដ៏សំខាន់របស់ប្រទេសចិន»។

ផ្ទាំងពាណិជ្ជកម្ម

លោកទូតបានបង្ហាញក្ដីសង្ឃឹមថា ជាមួយនឹងការដាក់ចេញ នូវច្បាប់ស្តីពីវិនិយោគ ការបន្តអនុវត្តគំនិតផ្តួចផ្តើម ផ្លូវមួយ ខ្សែក្រវាត់មួយ និងការចូលជាធរមាន នៃកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីកម្ពុជា-ចិន កិច្ចសហប្រតិបត្តិការ វិនិយោគកម្ពុជា-ចិននឹងទទួលបានលទ្ធផលគួរជាទីគាប់ប្រសើរជាក់ជាមិនខាន។

នាឱកាសនោះដែរ លោក សុខ ចិន្ដាសោភា អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងថា គោលនយោបាយអភិវឌ្ឍន៍វិស័យ ឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួល នៃភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ច បដិវត្តន៍ឧស្សាហកម្ម៤.០ បរិវត្តកម្មឌីជីថល និងការរអាក់រអួលនៃខ្សែច្រវាក់តម្លៃសាកល ដែលបណ្តាលមកពីការរាតត្បាត នៃជំងឺកូវីដ-១៩ សំដៅច្បាមយកកាលានុវត្តភាពជាអតិបរមាពី និម្មាបនកម្មសេដ្ឋកិច្ចក្នុងតំបន់ដែលកំពុងវិវត្តយ៉ាងឆាប់រហ័ស ក៏ដូចជាទាញយកផលប្រយោជន៍ពីកិច្ច ព្រមព្រៀងពាណិជ្ជកម្មសេរីពហុភាគី និងទ្វេភាគីនានា រួមទាំងពាណិជ្ជកម្មសេរីកម្ពុជា-ចិនដែលនឹងចូល ជាធរមាន នាថ្ងៃទី១ ខែមករា ឆ្នាំ២០២២។

លោក បានបញ្ជាក់ថា «សិក្ខាសាលានាថ្ងៃនេះ វិនិយោគិនចិន បានយល់កាន់តែច្បាស់ និងស៊ីជម្រៅពីច្បាប់វិនិយោគនៃព្រះរាជាណាចក្រកម្ពុជា និងសម្រេចចិត្តបណ្ដាក់ ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត។ សូមអញ្ជើញវិនិយោគិនចិន ដែលនៅក្រៅប្រទេស មកធ្វើទស្សនកិច្ចសិក្សានៅកម្ពុជា ស្របពេលដែលកម្ពុជា បានលើកលែងការធ្វើចត្តាឡីស័កដល់អ្នកដំណើរ ដែលបានចាក់វាក់សាំងដូសមូលដ្ឋានរួច»៕

To Top