ភ្នំពេញ ៖ ក្នុងសកម្មភាពដឹកនាំដោយលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងដែនដី នគររូបនីយកម្ម និងសំណង់ ក្នុងការបង្ក្រាបការទន្រ្ទានដីរដ្ឋ ក្នុងដែនព្រៃលិចទឹកនៃតំបន់បឹងទន្លេសាប ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង គឺបានដកហូតពីជនបំពានជិត២០០០ហិកតា មកធ្វើជាកម្មសិទ្ធិរបស់រដ្ឋវិញ។ នេះជាការថ្លែងឲ្យដឹងពីលោក ស៊ុន សុវណ្ណរិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង។


លោក ស៊ុន សុវណ្ណរិទ្ធ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាព្រលប់ថ្ងៃ៣០ វិច្ឆិកា ថា សម្រាប់លទ្ធផលនៃការចុះបង្ក្រាបនៅខេត្តកំពង់ឆ្នាំ កាលពីថ្ងៃ២៩-៣០ វិច្ឆិកានោះ “យើងបានដកហូតមកវិញជិត២០០០ហិកតា ដោយបានដកបង្គោល នឹងត្រៀមដាំដើមឈើវិញខាងមុខនេះផងដែរ” ។

សកម្មភាពចុះបង្ក្រាបយ៉ាងផុសផុល ពីសំណាកក្រុមមន្រ្តីពាក់ព័ន្ធរបស់កម្ពុជា ដឹកនាំដោយលោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ានេះ បានធ្វើឡើងតាមបទបញ្ជាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ។

សម្តេចតេជោ បានទទួលរបាយការណ៍ពីរាជបណ្ឌិត្យសភាកម្ពុជាថា អតីតអភិបាលខេត្តកំពង់ឆ្នាំង បានកាប់បំផ្លាញយកដីព្រៃលិចទឹក ក្នុងតំបន់បឹងទន្លេសាបជាង២ពាន់ហិកតា ។ បន្ទាប់ពីទទួលរបាយការណ៍និងពិនិត្យគ្រប់ជ្រុងជ្រោយហើយ សម្តេចតេជោ បានដាក់ចេញបទបញ្ជាជាបន្ទាន់ភ្លាមៗឲ្យចាប់ខ្លួន និងរឹបអូសទ្រព្យសម្បត្តិ អ្នកកាប់ដីព្រៃលិចទឹកនៅតំបន់ទន្លេសាប ។ ក្នុងនោះ សម្តេចបានចាត់តាំងលោក ជា សុផារ៉ា ត្រូវធ្វើកិច្ចការងារចុះបង្កា្រប។

សម្ដេចតេជោ ក៏បានបញ្ជាលោក សៅ សុខា ដឹកនាំកម្លាំងចុះដោះស្រាយបញ្ហាដីព្រៃលិចទឹក ក្នុងខេត្តកំពង់ឆ្នាំង ដោយប្រើប្រាស់គ្រប់មធ្យាបាយ ខណៈសម្ដេចតេជោបានណែនាំអភិបាលខេត្តជុំវិញបឹងទន្លេសាប ត្រូវធ្វើការជាមួយអ្នកពាក់ព័ន្ធឲ្យបានត្រឹមត្រូវ។

សម្រាប់លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ សម្តេចបានកំណត់ឲ្យដឹកនាំដើម្បីចុះស្រាវជ្រាវ រកមន្ដ្រីពាក់ព័ន្ធ ដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅតុលាការកាត់ទោស ៕
