ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានស្នើជប៉ុនបន្តបណ្តុះបណ្តាល និស្សិតកម្ពុជា តាមរយៈផ្តល់អាហារូបករណ៍ ជាពិសេស ជំរុញអ្នកវិនិយោគ មកកាន់ប្រទេសកម្ពុជា បន្ថែមទៀត ។
ក្នុងជំនួបពិភាក្សាការងារជាមួយ លោក ហ្វមីអូ គីស៊ីដា (Fumio Kishida) នាយករដ្ឋមន្ត្រីជប៉ុន តាមប្រព័ន្ធវីដេអូ នាថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ សម្ដេចតេជោបានថ្លែងថា «ស្នើនាយករដ្ឋមន្ត្រីជប៉ុន បន្តគាំទ្រដល់ការបណ្តុះបណ្តាលនិស្សិតកម្ពុជា តាមរយៈការផ្តល់អាហារូបករណ៍ ហើយបន្តជំរុញអ្នកវិនិយោគ មកកាន់ប្រទេសកម្ពុជាបន្ថែមទៀត។ ព្រមទាំង ស្នើនាយករដ្ឋមន្ត្រីជប៉ុន បន្តជំរុញនូវកិច្ចសហប្រតិបត្តិការ រវាងកងកម្លាំងរក្សាសន្តិភាពរបស់ជប៉ុន និងកម្ពុជា។ ជាពិសេសជួយផ្តល់ការហ្វឹកហ្វឺន កងកម្លាំងរក្សាសន្តិភាពរបស់កម្ពុជា»។
លើសពីនេះទៀត សម្ដេចតេជោក៏បានស្នើឲ្យជប៉ុន មានការហោះហើរឡើង របស់ជើងហោះហើរ ANA បន្ទាប់ពីជំងឺកូវីដ១៩ បានធូរស្បើយឡើងវិញ។
ក្នុងជំនួបនោះដែរ សម្តេចតេជោ និងលោកមនាយករដ្ឋមន្ត្រីជប៉ុន ក៏បានពិភាក្សាផ្តោតជាសំខាន់ ទៅលើទំនាក់ទំនងទ្វេភាគីតំបន់ និងឆាកអន្តរជាតិផងដែរ។ ពាក់ព័ន្ធនឹងទំនាក់ទំនងទ្វេភាគី សម្តេចតេជោ បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនជប៉ុនដែលតែងតែ ឧបត្ថម្ភគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជា។ ជាពិសេសការផ្តល់ជំនួយនានា សម្រាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ មានដូចជាវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ រថយន្តសង្គ្រោះ និងបរិក្ខារពេទ្យដទៃទៀត។ សម្តេចតេជោ ក៏បានចាត់ទុកថា ជំនួយទាំងអស់នេះ បានឆ្លើយតបយ៉ាងសំខាន់ សម្រាប់តម្រូវការរបស់កម្ពុជា ក្នុងការយកឈ្នះលើការ រាតត្បាតនៃជំងឺកូវីដ-១៩។
ជាងនេះទៅទៀត សម្តេចតេជោ និងនាយករដ្ឋមន្ត្រីជប៉ុន ក៏បានរំលឹកដល់កិច្ចសហប្រតិបត្តិការ ទាំងឡាយក្នុងប្រវត្តិសាស្ត្រ។ ក្នុងនោះ បានរំលឹកពីការបញ្ជូនកងទ័ព រក្សាសន្តិភាពរបស់ជប៉ុនមកកាន់ កម្ពុជា កាលពីឆ្នាំ១៩៩២ ដែលជាការបញ្ជូនកងទ័ពចេញ ក្រៅប្រទេសលើកដំបូងរបស់ជប៉ុន។ ក្នុងន័យនេះ សម្តេចតេជោ និងនាយករដ្ឋមន្ត្រីជប៉ុន ចង់ឃើញមានការរៀបចំពិធី ដើម្បីរំលឹកដល់ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ នៅឆ្នាំ២០២២ដែលជាខួប ៣០ឆ្នាំនៃការបញ្ជូន កងទ័ពរក្សាសន្តិភាពនេះ ៕