ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រី ៖ សិលាបណ្តាសារនៅព្រះសីហនុ នឹងនាំក្ដីវិនាសឲ្យអ្នកណាប្រព្រឹត្តអាក្រក់នៅតំបន់នេះ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ដើមឈើចាំស្នេហ៍ និងសិលាបណ្ដាសារ គឺចង់សំដៅទៅលើអ្នកណាដែលប្រព្រឹត្តអាក្រក់ លើតំបន់នេះ នឹងត្រូវទទួលក្ដីវិនាស ។

ក្នុងឱកាសអញ្ជើញសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផ្លូវចំនួន ៣៧ខ្សែ និងអាងប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន៣ និងសមិទ្ធផលនៅក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី២ ធ្នូនេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ដើមឈើចាំស្នេហ៍ សិលាចាំស្នេហ៍ ហើយក៏មានសិលាបណ្ដាសារ ន័យបណ្ដាសារនេះ គឺចង់សំដៅទៅលើអ្នកណាដែលប្រព្រឹត្តអាក្រក់ លើតំបន់នេះ នឹងត្រូវទទួលក្ដីវិនាស ។ ចឹងថ្ងៃក្រោយកុំទៅវាយដុំថ្មក្រវាត់ចោល ប្រយ័ត្នត្រូវបណ្ដាសារ ហើយកុំទៅយកកន្លែងហ្នឹង ធ្វើជាកម្មសិទ្ធិឯកជន វាត្រូវបណ្ដាសារ» ។

សម្ដេចតេជោបញ្ជាក់ថា ពាក្យបណ្ដាសារនេះ មិនមែនជាពាក្យថ្មីថ្មោងទេ ជាពាក្យដែលមាននៅក្នុង សិលាចារិកផ្សេងៗ ហើយយោងតាមការស្រាវជ្រាវ គឺមានតាំងពីសតវត្សរ៍ទី៧ ឯណោះ ។

ទាក់ទិនរឿងនេះ សម្ដេចតេជោ ក៏លើកឡើងថា មានស្រែមួយគឺស្រែរបស់តាទាវ យាយផឹក មុនគាត់ស្លាប់បានដាក់បណ្ដាសារ អ្នកមកធ្វើស្រូវលើស្រែរបស់គាត់ នឹងត្រូវបណ្ដាសារ ។ សម្ដេចថា ចឹងបានជាមានបទចម្រៀងមួយបទដែលសម្ដេចតែងនិពន្ធ ជាមួយលោក សុង សារឿន មានចំណងជើងថា ផ្លូវភ្ជាប់និស្ស័យ តាទាវយាយផឹកនឹកស័ង្ខសិលហើយ ។

សម្ដេចបន្តថា ស្រែនេះតាំងពីជំនាន់មុន អត់មានអ្នកណាហ៊ានធ្វើទេ តែក្រោយមកយើងធ្វើទៅវាអត់អី ។ សម្ដេចបន្ថែមថា តំបន់នេះក៏ដូចគ្នា ត្រូវការពារឲ្យបានល្អ គឺអត់ត្រូវបណ្ដាសារទេ ត្រូវបណ្ដាសារទៅលើតែ អ្នកណាដែលធ្វើអាក្រក់ទេ ៕

To Top