ព័ត៌មានជាតិ

អភិបាលរាជធានីភ្នំពេញ ឲ្យមន្ត្រីជំនាញសិក្សា និងលើកគម្រោងជួសជុលប្រឡាយមេ និងប្រព័ន្ធលូឡើងវិញ ក្រោយជំនន់ស្ទឹងព្រែកត្នោតស្រកចុះ (Video)

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលភ្នំពេញ ក្នុងដំណើរចុះពិនិត្យស្ថានភាពជាក់ស្ដែង នៅតាមបណ្ដាប្រឡាយមេ ផ្លូវមួយចំនួននៅតាមដងស្ទឹងព្រែកត្នោត និងតំបន់លិចទឹក ក្នុងភូមិសាស្ត្រខណ្ឌដង្កោ នៅព្រឹកថ្ងៃទី២ ខែធ្នូ ២០២១នេះ បានជំរុញដល់មន្ត្រីជំនាញ ធ្វើការសិក្សានិងលើកជាគម្រោង ដើម្បីធ្វើការជួសជុលហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវ ស្ពាន ប្រឡាយមេ បណ្ដាញលូជាដើមឡើងវិញ ក្រោយពីទឹកជំនន់ព្រែកត្នោត ធ្វើឲ្យខូចខាត ហេដ្ឋារចនាសម្ព័ន្ធមួយចំនួន និងបង្ការជំនន់ទឹកស្ទឹង នៅបណ្តាឆ្នាំក្រោយៗទៀត ។

ជុំវិញការចុះពិនិត្យមើលស្ថានភាព ការដាក់លូនៅផ្លូវបេតុង ចូលទៅបឹងតាម៉ាត ស្ថិតក្នុងភូមិសាស្ត្រភូមិម័រ និងភូមិសំបួរ សង្កាត់ដង្កោ លោកអភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យស្ថាបនាលូជាមុនសិន ចាំស្ថាបនាផ្លូវតាមក្រោយ ដើម្បីរំដោះការលិចលង់ ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រខាងលើ ។

បើតាមមន្ត្រីជំនាញ បានលើកឡើងថា ការដាក់ បណ្តាញលូ នៅផ្លូវបេតុងចូលទៅបឹងតាម៉ាតនេះ ការ ងារដាក់លូទំហំ១ម៉ែត្រ៥០គុណ២ម៉ែត្រ បាន ប្រវែង៤៥០ម៉ែត្រ ក្នុងប្រវែងសរុប៧២៩ម៉ែត្រ ស្មើ៦០%ហើយ។ ចំពោះការងារដាក់លូ ទំហំ១ម៉ែត្រ ក្រមការងារដាក់លូបានប្រវែង១៩០ម៉ែត្រ/៩៩៦ម៉ែត្រ ស្មើនឹង១៥%។

នាឱកាសនោះ លោក ឃួង ស្រេង ក៏បានចុះពិនិត្យ ស្ថានភាព ប្រឡាយជើងឯក ស្ថិតនៅក្នុងភូមិគំរៀង ក្នុងសង្កាត់ព្រៃវែង ខណៈប្រឡាយនេះ មានតួនាទីយ៉ាងសំខាន់ ក្នុងការរំដោះទឹកចេញ ពីផ្លូវជាតិលេខ៣ ចូល មកបឹងជើងឯកមានប្រវែង ១២គីឡូម៉ែត្រ និងបានចុះពិនិត្យស្ថានភាពផ្លូវមួយចំនួនទៀត នៅតាមបណ្ដោយស្ទឹងព្រែកត្នោតផងដែរ ដោយផ្លូវទាំងនេះ ត្រូវតែធ្វើការជួសជុលឡើងវិញ និងស្ថាបនាឲ្យបានធំ និងខ្ពស់ជាងមុន។

អភិបាលរាជធានីភ្នំពេញ បញ្ជាក់ថា ស្ថានភាពទឹកព្រែកត្នោត ពីមួយឆ្នាំទៅមួយឆ្នាំ កម្ពស់ទឹកចេះតែកើនឡើង ដោយសារមានការអភិវឌ្ឍច្រើន នៅតាមបណ្ដោយដងស្ទឹងព្រែកត្នោត ដែលធ្វើឲ្យទឹកហូរចូលមក ទឹកស្ទឹងព្រែកត្នោតតែមួយ ។ ដូច្នេះហើយទើបកំពស់ទឹកកើនឡើងជាលំដាប់។ ដោយហេតុនេះហើយ រដ្ឋបាលរាជធានីភ្នំពេញ និងលើកជាទំនប់ តាមបណ្ដោយសណ្តរស្ទឹងព្រែកត្នោតនេះ ឲ្យបានខ្ពស់ជាងមុន ធ្វើយ៉ាងណាទប់ស្កាត់ការលិចលង់ឲ្យបាន នៅឆ្នាំក្រោយៗទៀត៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top