ភ្នំពេញ: សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ២ ខែ ធ្នូ ឆ្នាំ២០២១ នេះ បានបើកសវនាការជំនុំជំម្រះ លើបណ្ដឹងឧទ្ធរណ៍របស់ជនជាប់ចោទ ចំនួន២នាក់ ដែលត្រូវជា ឪពុក និង កូន ជាប់ពាក់ព័ន្ធអំពើឃាតកម្មគិតទុកជាមុន ដោយព្រួតគ្នា វាយសម្លាប់ បុរសម្នាក់ បណ្ដាលឱ្យស្លាប់ យ៉ាងអាណោចអាធ័ម នៅហ្នឹងកន្លែង ប្រព្រឹត្តនៅក្នុងភូមិច្រេះ ស្រុកកំពង់ត្រាច ខេត្តកំពត កាលពីអំឡុង ខែ កក្កដា ឆ្នាំ ២០១៩ ។
លោក យន់ ណារ៉ុង ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ បានអោយថ្លែងអោយដឹងថា ជនជាប់ចោទ២នាក់នេះ មានឈ្មោះ ឡុង រី ភេទ ប្រុស អាយុ ៥៦ ឆ្នាំ ត្រូវជាឪពុក ចំណែកឯ ជនជាប់ចោទម្នាក់ទៀត ឈ្មោះ ទេន សារ៉ូ ភេទ ប្រុស អាយុ ២៨ ឆ្នាំត្រូវជាកូន ។ ពួកគេមានទីលំនៅ ភូមិច្រេះ ឃុំសាលាខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត។
ជនរងគ្រោះ មានឈ្មោះ ឡី ថេង ភេទ ប្រុស អាយុ ៥២ ឆ្នាំ មុខកសិកករ រស់នៅភូមិ និង ឃុំ ជាមួយជនជាប់ចោទទាំងពីរនាក់ ។
នៅក្នុងសំណុំរឿងក្តីនេះ ជនជាប់ចោទ ឈ្មោះ ឡុង រី ត្រូវបានសាលាដំបូងខេត្តកំពត កាលពីថ្ងៃទី២៧ ខែ ឧសភា ឆ្នាំ ២០២០ ផ្តន្ទាទោស ដាក់ពន្ធនាគារ កំណត់ ១៧ ឆ្នាំ និង បង្គាប់អោយសងសំណងជម្ងឺចិត្តដល់ ប្រពន្ធជនរងគ្រោះ( ជាភាគីដើមបណ្ដឹង) ចំនួន ២៥ លានរៀល។
ចំណែកឯ ឈ្មោះ ទេន សារ៉ូ ត្រូវបានតុលាការ សម្រេចលើកការចោទប្រកាន់ និង សម្រេចអោយរួចពីបទចោទ តែត្រូវបានព្រះរាជអាជ្ញាប្តឹងឧទ្ធរណ៍។
ជនជាប់ចោទទាំង២នាក់ ត្រូវបានជាប់ចោទពីបទ« ឃាតកម្មគិតទុកជាមុន តាមបញ្ញត្តិមាត្រា ២០០ នៃ ក្រមព្រហ្មទណ្ឌ។
ពួកគេត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ ២០១៩ បន្ទាប់ពី បានសម្លាប់ជនរងគ្រោះ ប្រព្រឹត្តនៅភូមិច្រេះ ស្រុ កំពង់ត្រាច ខេត្តកំពត កាលពីថ្ងៃទី ២ ខែ កក្កដា ឆ្នាំ ២០១៩ វេលាម៉ោងប្រមាណ ៦ និង ៣០ នាទីល្ងាច។
សាលាឧទ្ធរណ៍ រាជធានីភ្នំពេញនឹងប្រកាសសាលដីកាលើសំណុំរឿងនេះ នៅថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ ២០២១ ខាងមុខនេះ៕
ដោយ រស្មី អាកាស