ភ្នំពេញ៖ នៅក្នុងវិធានការណ៍កែលម្អរឡើងវិញ នៅជុំវិញបឹងទន្លេសាប លើផ្ទៃដីដែលត្រូវបាន ក្រុមទុច្ចរិតកាប់បំផ្លាញព្រៃលិចទឹកនោះ តាមរយៈក្រុមការងារអន្តរក្រសួង ដែលដឹកនាំដោយ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ បានផ្ដល់អាទិភាព ឱ្យដាំដើមឫស្សី ឡើងវិញនៅលើផ្ទៃដីទាំងនោះ។

យោងតាម សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១ ក្រុមការងារអន្តរក្រសួង ដឹកនាំ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ បានចុះពិនិត្យទីតាំងដីដែលត្រូវបានទន្ទ្រានក្នុង ដែនព្រៃលិចទឹកនៃតំបន់ទន្លេសាប ស្ថិតក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ។

នៅក្នុងការចុះត្រួតពិនិត្យនេះ ក្រុមការងារអន្តរក្រសួង បានជួបប្រជុំពិភាក្សាគ្នា ប្រមូលធាតុចូល និងបានដាក់ចេញវិធានការ ដូចខាងក្រោម៖

១. ជូនរដ្ឋបាលខេត្តពោធិ៍សាត់ ចេញលិខិតណែនាំដល់អាជ្ញាធរស្រុក ឃុំ បញ្ឈប់ការពិនិត្យបញ្ជាក់លើ លិខិតសុំកាន់កាប់ដី និងលិខិតផ្ទេរសិទ្ធិកាន់កាប់ដី ក្នុងដែនព្រៃលិចទឹក ព្រមទាំងចេញលិខិតបដិសេធ លើរាល់លិខិតដែលបានចេញរួច ពីពេលមុន។
២. ជូនរដ្ឋបាលខេត្តពោធិ៍សាត់ ចាត់វិធានការបញ្ឈប់ ការចូលទន្ទ្រានដីដែនព្រៃលិចទឹកបន្តទៀត ធ្វើអត្តសញ្ញាណអ្នក ដែលបានចូលទន្ទ្រាន ដើម្បីធ្វើការដកហូតដី និងចាត់វិធានការតាមផ្លូវច្បាប់ ដោយ ត្រូវកសាងអង្គហេតុ និងដាក់បណ្ដឹងអាជ្ញាទៅតុលាការ។
៣. ទន្ទឹមនឹងវិធានការផ្លូវច្បាប់ ជនល្មើសត្រូវដាំដើមឈើឡើងវិញលើផ្ទៃដីដែលបានទន្ទ្រាន។
៤. កងរាជអាវុធហត្ថលើផ្ទៃប្រទេសបានចាត់កម្លាំងចុះល្បាតតាមគោលដៅដើម្បីទប់ស្កាត់ការទន្ទ្រាន ដីព្រៃលិចទឹក និងអនុវត្តវិធានការច្បាប់។
៥. ជូនក្រសួងធនធានទឹក និងឧតុនិយម ទទួលបន្ទុកដាំបង្គោលព្រំដែនព្រៃលិចទឹកដែលខ្លះ និងដែលបានដួលរលំ និងដាក់ពាក្យសុំចុះបញ្ជីដីរដ្ឋនូវដីព្រៃលិចទឹកតំបន់ទន្លេសាប។
៦. ចំពោះប្រជាពលរដ្ឋដែលបានដាំដំណាំ ពិសេសដំណាំស្រូវ ទុកពេលឱ្យប្រមូលផល រួចស្ទើឱ្យធ្វើ លិខិតទទួលកំហុស និងប្រគល់ដីព្រៃលិចទឹកជូនរដ្ឋវិញ។
៧. ការដាំដើមឈើឡើងវិញ ផ្ដល់អាទិភាពលើការដាំដើមឫស្សី។

សូមរំលឹកថា កាលពីថ្ងៃទី២៨ វិច្ឆិកា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ជាឲ្យរដ្ឋមន្រ្តីពាក់ព័ន្ធ និងអភិបាលខេត្តនានាត្រូវធ្វើការទប់ស្កាត់ និងបង្រ្កាបជាបន្ទាន់ ចំពោះជនខិលខូចមួយចំនួន ដែលលួចកាប់ព្រៃលិចទឹក និងវាទទីយកដីនៅតាមបឹងទន្លេសាប ដើម្បីយកមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។ ភ្លាមៗក្រោយមានបទបញ្ជាពីសម្ដេចនាយករដ្ឋមន្រ្តី មន្រ្តីអន្តរក្រសួង កម្លាំងប្រដាប់អាវុធ និងអភិបាលខេត្តជុំវិញបឹងទន្លេសាបបានដុតដៃដុតជើងចុះពិនិត្យស្រាវជ្រាវ និងបានវែកមុខអ្នករំលោភទន្រ្ទានយកដីព្រៃលិចទឹកជុំវិញបឹងទន្លេសាបជាបន្តបន្ទាប់ ដែលក្នុងនោះមួយចំនួនធំសុទ្ធសឹងជាមន្រ្តីរាជការ កងកម្លាំង និងអ្នកមានធនធាន៕

