ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា និងសហព័ន្ធរុស្ស៊ី តាមរយៈក្រសួងការពារជាតិ នៃប្រទេសទាំងពីរ គ្រោងនឹងចុះហត្ថលេខា លើកិច្ចសហប្រតិបត្តិការ វិស័យយោធា ទ្វេភាគី នៅក្នុងឆ្នាំ២០២២ ខាងមុខនេះ ។
ការឱ្យដឹងបែបនេះ ធ្វើឡើងក្នុងជំនួបពិភាក្សាការងារ រវាងនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ទីប្រឹក្សាពិសេសសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាអគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ជាមួយនឹងវរនាវីឯក វីតាលី លុចសេវ (Vitoly LUCHSHEV) នាយការិយាល័យ អនុយោធាសហព័ន្ធរុស្សី ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១។
យោងតាម នាយកដ្ឋានព័ត៌មាន ក្រសួងការពារជាតិ បានឱ្យដឹងថា ក្នុងកិច្ចជំនួបនោះ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ និងវរនាវីឯក នាយការិយាល័យ អនុយោធាសហព័ន្ធរុស្សី ប្រចាំកម្ពុជា បានពិភាក្សាគ្នា ដោយផ្តោតសំខាន់ ទៅលើកិច្ចសហប្រតិបត្តិការ រវាងក្រសួងការពារជាតិ នៃប្រទេសទាំងពីរ កម្ពុជានិងសហព័ន្ធរុស្សី សម្រាប់ឆ្នាំ២០២២ខាងមុខ។ ក្នុងនោះ មានកិច្ចសហប្រតិបត្តិការជាច្រើន ដែលពាក់ព័ន្ធជាមួយនឹង ស្ថាប័នរបស់កងទ័ព ដូចជា ស្ថាប័នប្រឆាំងភេរវកម្ម កងទ័ពជើងគោក និងអង្គភាពបោសសំអាត គ្រាប់មីន។
ប្រភពដដែលបន្តថា រុស្សី គ្រោងឲ្យមានការពិភាក្សាគ្នា ទៅលើការចុះហត្ថលេខា លើអនុសារណៈយោគយល់គ្នា រវាងកម្ពុជានិងរុស្សី លើវិស័យការពារជាតិ នៃប្រទេសទាំងពីរ។ ហើយភាគីរុស្សី ក៏បានស្នើសុំឲ្យមានកិច្ចក្រៅផ្លូវការ រវាងរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងរុស្សី ដែលគ្រោងធ្វើនៅក្នុង ឆ្នាំ២០២២ ខាងមុខនេះ ហើយលោកអនុព័ន្ធយោធារុស្សី បានបញ្ជាក់ថា រដ្ឋមន្ត្រីការពារជាតិរុស្សី បានផ្ញើរលិខិតជូនសម្តេចពិជ័យសេនា ទៀ បាញ់ ដើម្បីស្នើសុំរៀបចំកិច្ចប្រជុំក្រៅផ្លូវការ នៅក្នុងឆ្នាំ២០២២ខាងមុខនេះ។
ជាមួយគ្នានេះដែរ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ក៏បានលើកឡើងផងដែរ អំពីប្រវត្តិសាស្ត្រ នៃកិច្ចសហប្រតិបត្តិការ រវាងកងទ័ព កម្ពុជានិងរុស្សី ដែលមានជាយូរលុងណាស់មកហើយ ហើយពីរឆ្នាំមកនេះ ដោយសារមានបញ្ហា ការរាតត្បាតជម្ងឺកូវីដ-១៩កើតឡើង ក៏មានការអាន់ខាន និងធ្វើការបានជាប់លាប់ជាប្រចាំនោះទេ ដូចនេះ នេះគឺជាការប្តេជ្ញាចិត្ត របស់កម្ពុជា ក៏ដូចជារុស្សី ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការឡើងវិញ ទៅលើកិច្ចសហប្រតិបត្តិការ វិស័យយោធា ដោយនៅឆ្នាំក្រោយនេះ មានផែនការជាច្រើន ដោយរុស្សីបានស្នើសុំ ដើម្បីធ្វើការងារឡើងវិញ ហើយនឹងចាត់គណៈប្រតិភូរបស់រុស្សី មកកាន់កម្ពុជាផ្ទាល់ ដើម្បីធ្វើការចុះហត្ថលេខា យោគយល់គ្នា និងកិច្ចប្រជុំមួយចំនួន ដែលពាក់ព័ន្ធនឹង វិស័យការពារជាតិ និងកងទ័ពនៃប្រទេសទាំងពីរ៕