ភ្នំពេញ: នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក បានផ្ញើសាររំលែកទុក្ខជូនចំពោះគ្រួសារសព ព្រមទាំងកងទ័ព និងប្រជាជនឥណ្ឌា ចំពោះការស្លាប់របស់ ឯកឧត្តម នាយឧត្តមសេនី៍យ៍ Bipin Rawat អគ្គមេបញ្ជាការកងទ័ពឥណ្ឌា រួមជាមួយនឹងភរិយារបស់គាត់ ក៏ដូចជានាយទាហានអមដំណើរចំនួន ១១ រូបផ្សេងៗទៀត នៅក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រនៅក្នុងរដ្ឋ Namil Nadu។
យោងតាមលិខិតនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកឡើងអំពីភក្តីភាព និងវីរភាពរបស់ សពឯកឧត្តម នាយឧត្តមសេនីយ៍ Bipin Rawat និងនាយទាហានទាំង ១១ រូប នៅក្នុងការបំពេញភារកិច្ចបម្រើជាតិ ហើយការស្លាប់ដ៏អកុសលនេះ គឺជាការបាត់បង់មួយដ៏ធំធេងរបស់កងទ័ព និងប្រជាជនឥណ្ឌា។ ទន្ទឹមនឹងនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានរំឮកផងដែរអំពីកិច្ចខិតខំប្រឹងប្រែងរបស់ សពឯកឧត្តម នាយឧត្តមសេនីយ៍ Bipin Rawat នៅក្នុងការជំរុញ និងលើកកម្ពស់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរ។ ក្នុងនោះ ឯកឧត្តម ឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ធ្លាប់ត្រូវបានអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋឥណ្ឌា កាលពីខែមេសា ឆ្នាំ២០២០ កន្លងទៅ ប៉ុន្តែត្រូវអាក់ខានវិញដោយសារបញ្ហាជំងឺកូវីដ-១៩ ហើយគ្រោងនឹងរៀបចំឡើងវិញ នៅក្នុងឆ្នាំ២០២២ ខាងមុខនេះ។