ព័ត៌មានជាតិ

ស្ថានីយបូមទឹកបឹងទំពុន នឹងមានសមត្ថភាពបូមទឹក បានរហូតដល់ ៣៣ម៉ែត្រគូប ក្នុង១វិនាទី

ភ្នំពេញ ៖ ក្រុមការងារ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បាននិងកំពុងធ្វើសកម្មភាព ដំឡើងម៉ូទ័របូមទឹកខ្នាតធំ ដែលមានអង្កត់ផ្ចិតទំហំ ១.៥ម៉ែត្រចំនួន ១គ្រឿង និងខ្នាតទំហំអង្កត់ផ្ចិត ១.២ម៉ែត្រចំនួន ២គ្រឿង នៅស្ថានីយបូមទឹកបឹងទំពុន ។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹង នៅរសៀលថ្ងៃទី១៥ ខែធ្នូនេះថា ម៉ូទ័របូមទឹកទាំង ៣គ្រឿងនេះ មានសមត្ថភាពបូមទឹក ៤២.០០០ម៉ែត្រគូប ក្នុង១ម៉ោង ឬស្មើនឹង ១២ម៉ែត្រគូប ក្នុង១វិនាទី ដែលជាគម្រោងសាងសង់បន្ថែម សមត្ថភាពបូមទឹក លើស្ថានីយបច្ចុប្បន្ន ធ្វើឱ្យសមត្ថភាពបូមទឹកថ្មី កើនរហូតដល់ ៣៣ម៉ែត្រគូបក្នុង១វិនាទី។

លោកបន្តថា ការដំឡើងម៉ូទ័របូមទឹកខ្នាតធំ ខាងលើនេះ បានអនុវត្តតាំង ពីថ្ងៃទី០៣ធ្នូឆ្នាំ២០២១មកម្ល៉េះ ពោលគឺទាំងម៉ូទ័រ ទាំងទូរបញ្ជា រួមទាំងការតភ្ជាប់ បំពង់បង្ហូរទឹកក្រោមផ្លូវ៣៧១ បានស្ថាបនារួចរាល់ ។ ជារួមលទ្ធផល គិតមកដល់ពេលនេះ ក្រុមការងារសម្រេចបាន ប្រមាណ៧០ភាគរយ ។ គម្រោងនេះនឹងបញ្ចប់១០០% នៅក្នុងខែមិនាឆ្នាំ២០២២ ។

លោកសាំ ពិសិដ្ឋ បានបញ្ជាក់ផងដែរថា អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បានយកចិត្តទុកដាក់ខ្លាំងណាស់ ជុំវិញបញ្ហាខាងលើនេះ ដោយលោកបានជំរុញ ឲ្យក្រុមការងារ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញពន្លឿន នៃការស្ថាបនាការដំឡើងម៉ូទ័រ បូមទឹកខ្នាតធំ ខាងលើនេះ ឱ្យបានរួចរាល់ នៅមុនរដូវវស្សាមកដល់ ដើម្បីយើងអាចបូមទឹក រំដោះការលិចលង់លំនៅដ្ឋាន ប្រជាពលរដ្ឋនៅរដូវវស្សា ឆ្នាំ២០២២ខាងមុខនេះ។

គួរបញ្ជាក់ផងដែរថា ស្ថានីយនេះ នឹងក្លាយជាស្ថានីយ មានម៉ូទ័របូមទឹក ខ្នាតធំជាងគេ និងសមត្ថភាពបូមទឹកធំជាងគេ ក្នុងរាជធានីភ្នំពេញ ដែលធានាកាត់បន្ថយ ការលិចលង់នៅតំបន់ភូមិសាស្ត្របឹងទំពុន ស្ទឹងមានជ័យ មហាវិថីសម្តេចចៅហ្វាវាំង គង់ សំអុល (ផ្លូវលេខ ២០០៤) ស្តុបម៉ុងឌីយ៉ាល់ និងតំបន់ខាងត្បូង និងខាងកើតអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ ៕

To Top