ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា បច្ចុប្បន្នការចរចាបើកទីផ្សារផ្លែមៀនប៉ៃលិនទៅកាន់ប្រទេសចិន បានឈានដល់ដំណាក់ការវាយតម្លៃហានិភ័យដោយចុះពិនិត្យផ្ទាល់នៅចម្ការ និងរោងចក្រវេចខ្ចប់សម្លាប់សមាសធាតុចង្រៃនាដើមខែ០១ ឆ្នាំ២០២២ ខាងមុខនេះហើយ។
តាមរយៈសេចក្ដីប្រកាសរបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ដើម្បីមានលទ្ធភាពចរចាបើកទីផ្សារឱ្យបានលឿនឈានដល់ការអនុញ្ញាតនាំចូលទៅប្រទេសចិន ចាំបាច់ត្រូវបំពេញលក្ខខណ្ខតម្រូវភូតគាមអនាម័យស្ដង់ដាគុណភាព និងសុវត្ថិភាពឱ្យបានពេញលេញ ដែលទាមទាឱ្យម្ចាស់ចម្ការអនុវត្ដបច្ចេកទេសដាំដុះតាមគោលការណ៍នៃការអនុវត្ដកសិកម្មល្អ និងត្រូវមានការវិនិយោគសាងសង់រោងចក្រវេចខ្ចប់សម្លាប់សមាសភាពចង្រៃតាមស្ដង់ដាកំណត់ឱ្យបានគ្រប់គ្រាន់។
ជាការឆ្លើយតប អគ្គរដ្ឋបាលគយនៃប្រទេសចិនបានយល់ព្រមអនុវត្ដដំណើរការវាយតម្លៃវិភាគហានិភ័យលើមៀនប៉ៃលិនតាមរយៈពីចម្ងាយតាមប្រព័ន្ធវីដេអូ តាមការស្នើសុំរបស់ក្រសួងកសិកម្មនៃប្រទេសកម្ពុជា ដោយមានការចូលរួមចុះពិនិត្យផ្ទាល់ពីតំណាងស្ថានទូតចិន ប្រចាំនៅកម្ពុជាផងដែរ។
ក្រសួងបញ្ជាក់ថា ដំណើរការការវាយតម្លៃវិភាគហានិភ័យ គ្រោងនឹងប្រព្រឹត្តនៅក្នុងសប្ដាហ៍ទី១ នៃខែមករា ឆ្នាំ២០២២ខាងមុខនេះ ដោយធ្វើការជ្រើសរើសសម្រិតសម្រាំងយកចំការមួយចំនួនជាតំណាង និងរោងចក្រវិចខ្ចប់សម្លាប់សមាសធាតុចង្រៃដែលបច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជាទើបតែមានរោងចក្រមួយ ប៉ុណ្ណោះនៅខេត្ដប៉ៃលិន ក្រោយវាយតម្លៃវិភាគរួចរាល់ នឹងឈានទៅដល់ការចុះហត្ថលេខាលើពិធីសារបច្ចេកទេសតែម្ដង។
ក្រសួងកសិកម្មបានអំពាវនាវដល់ម្ចាស់ចំការ សហគមន៍កសិកម្មមានប៉ៃលិន និងម្ចាស់រោងចក្រវេចខ្ចប់សម្លាប់សមាសភាពចង្រៃ ត្រៀមលក្ខណជាស្រេចសំរាប់ចូលរួមសហការជាមួយមន្ត្រីអគ្គនាយកដ្ឋានកសិកម្ម ដើម្បីឱ្យដំណើរការវាយតម្លៃវិភាគហានិភ័យពីចំងាយនេះ ទទួលបានលិទ្ធផលល្អនិងជោគជ័យតាមផែនការគ្រោងទុក។
ទន្ទឹមនឹងគ្នានេះសូមម្ចាស់ចំការ និងរោងចក្រវិចខ្ចប់ចាប់ផ្ដើមរស់រាន់ដាក់ពាក្យស្នើសុំចុះបញ្ជីដើម្បីស្នើសុំនាំចេញមៀនប៉ៃលិនទៅកាន់ប្រទេសចិន នៅទីតាំងអគ្គនាយកដ្ឋានកសិកម្មផងដែរ៕