ព័ត៌មានជាតិ

ពលរដ្ឋខេត្តបន្ទាយមានជ័យ សំណូមពរសម្តេចតេជោ ពិនិត្យមើលភាពមិនប្រក្រតីក្នុងខេត្តពាក់ព័ន្ធកាប់ទន្ទ្រានដីព្រៃលិចទឹក

ភ្នំពេញ ៖ ក្រុមប្រជាពលរដ្ឋនៅខេត្តបន្ទាយមានជ័យ បានសំណូមពរ សម្ដេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្រ្តីកម្ពុជា ពិនិត្យមើលសកម្មភាពមិនប្រក្រតី កើតមាននៅក្នុងខេត្តនេះ ពាក់ព័ន្ធទៅនឹងការកាប់ទន្ទ្រានយកដីព្រៃលិចទឹក បឹងទន្លេសាបជាច្រើនហិកតា។ នេះបើយោងតាមហ្វេសប៊ុក របស់លោក សយ សុភាពដែលបានទទួល សេចក្តីរាយការណ៍ មកពីខេត្តនេះតែម្តង ។

តាមរយៈបណ្តាញទំនាក់ទំនងសង្គម របស់លោក សយ សុភាព នាថ្ងៃ២៣ ខែធ្នូ ឆ្នាំ២០២២នេះ បានឲ្យដឹងថា តាមសេចក្ដីរាយការណ៍ ពីខេត្តបន្ទាយមានជ័យ គឺប្រជាពលរដ្ឋបានកំពុងតាមដាន ចិត្តទុកដាក់ដោយមានអតីតអភិបាលខេត្តបន្ទាយមានជ័យ កំពុងតែអន្តរាគមន៍ ឬក៏ស៊ុមគ្រលុំ ជាមួយចៅហ្វាយខេត្តបន្ទាយមានជ័យ បច្ចុប្បន្ន ដើម្បីកែសំណុំរឿង ទៅលើអតីតនាយទាហានមួយរូប ដែលមានដីច្រើនហិកតា នៅទីនោះថា ជាដីដែលមានមុនអនុក្រឹត្យប្រកាស។

ប្រភពបន្តថា ឥឡូវលរដ្ឋបានដឹងរឿងនេះ ហើយកន្លងទៅថ្មីៗនេះ ខេត្តបានដកត្រឹមតែមេភូមិ មេឃុំទេដែលជាថ្នាក់តូចមិនបានដឹងរឿង។

បើតាមលោក សយ សុភាព អតីតចៅហ្វាយខេត្តនេះថា ដីដែលអតីតនាយទាហានរូបនេះមាន គឺបានកាន់កាប់មុនអនុក្រឹត្យឆ្នាំ២០០៥ដែលគេមិនទាន់កំណត់ ដែនតំបន់មួយ តំបន់ពីរ និងតំបន់បី ។
តំបន់មួយមានន័យថា ប្រជាពលរដ្ឋមានប័ណ្ណកម្មសិទ្ធិអាចលក់ដូរបាន , តំបន់ពីរគឺអាស្រ័យផលមិនអាចទិញដូរបានទេ ឯតំបន់បី គឺជាតំបន់ ហាមឃាត់ដាច់ខាត។

បើតាមលោក សយ សុភាពដដែល “ប្រជាពលរដ្ឋបាននិយាយទៀតថា បើទោះបីជាគាត់មានមុនអនុក្រឹត្យក៏ដោយតែនៅជាដីរបស់រដ្ឋ។ អ៊ីចឹងវាខុសច្បាប់រួចទៅហើយ។ ឥឡូវនេះកំពុងឃុបឃិតគ្នាដើម្បីកែក្រឡៃឲ្យអ្នកក្រោមជាប់ទោស រួចហើយ រីឯថ្នាក់លើរួចខ្លួន”។

លោកបង្ហាញក្តីសង្ឃឹមថា យ៉ាងណាក៏ដោយបទបញ្ជាម៉ឺងម៉ាត់របស់សម្ដេចតេជោ សង្ឃឹមថា អ្នកដែល មានដីច្រើននឹងត្រូវជាប់ទោសដោយមិនត្រូវជាប់ត្រឹមតែមេភូមិ មេឃុំដែលគ្រាន់តែជា ថ្នាក់ក្រោមនោះទេ។

លោកថា “ប្រជាជនខេត្តបន្ទាយមានជ័យ សំណូមពរឲ្យចៅហ្វាយខេត្ត គោរពបទបញ្ជា ហើយអតីតចៅហ្វាយខេត្ត កុំព្រហើននៅក្នុងការអន្តរាគមន៍។ លើកក្រោយពួកគាត់ នឹងបញ្ចេញឈ្មោះអតីតចៅហ្វាយខេត្តណា រូបណា នៅខេត្តបន្ទាយមានជ័យចាស់ហ្នឹងជាអ្នកអន្តរាគមន៍”៕

To Top