ព័ត៌មានជាតិ

ក្រសួង ស្នើសមត្ថកិច្ច ចាត់វិធានការ រថយន្ដម៉ាក់ Lexus NX 200t បំពាក់ផ្លាកលេខ 2AQ-1333 ក្លែងក្លាយ

ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើសមត្ថកិច្ចត្រូវចាក់វិធានការ តាមផ្លូវច្បាប់ ចំពោះរថយន្ដម៉ាក់ Lexus NX 200t បំពាក់ផ្លាកលេខ ភ្នំពេញ 2AQ-1333 ដែលជាផ្លាកលេខក្លែងក្លាយ។

ថ្មីៗនេះ មានករណីផ្សព្វផ្សាយរូបភាព លើបណ្តាញសង្គមហ្វេសប៊ុកនានា អំពីរថយន្ត២គ្រឿង ប្រើប្រាស់លេខចុះបញ្ជី «ភ្នំពេញ 2AQ-1333» លើរថយន្ត២គ្រឿងផ្សេងគ្នា (រថយន្ត Hyundai Venue និង រថយន្ត Lexus NX 200t) បង្កការភ្ញាក់ផ្អើលជាសាធារណៈ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងសាធារណការ នាថ្ងៃទី២៤ ធ្នូ បានឲ្យដឹងថា ក្រោយពីធ្វើការស្រាវជ្រាវតាមប្រព័ន្ធ ស្វ័យប្រវត្តិកម្មចុះបញ្ជីយានយន្ត និងពិនិត្យលើសំណុំឯកសារពាក់ព័ន្ធ ក្រសួង បានធ្វើការបំភ្លឺ ដូចជា ៖ រថយន្ត Hyundai Venue បានចុះបញ្ជីប្រើប្រាស់ផ្លាកលេខស្របច្បាប់ ក្នុងឆ្នាំ២០២១ ដោយឡែក រថយន្ត Lexus NX 200t ប្រើប្រាស់ផ្លាកលេខក្លែងក្លាយ ផ្ទុយពីខ្លឹមសារច្បាប់ស្តីពីចរាចរណ៍ ផ្លូវគោក និងអនុក្រឹត្យស្តីពីការចុះបញ្ជីផ្តល់បណ្ណសម្គាល់យានជំនិះ និងបំពាក់ផ្លាកលេខសម្គាល់ យានជំនិះ ។

ក្រសួង បញ្ជាក់ថា «ករណីរថយន្ត Lexus NX 200t បំពាក់ផ្លាកលេខក្លែងក្លាយខាងលើ ក្រសួងសាធារណការ និង ដឹកជញ្ជូន បានធ្វើការជូនដំណឹងទៅអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធរួមមាន អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា អគ្គនាយកដ្ឋានពន្ធដារ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់»។

ក្រសួង បន្ដថា ការចុះបញ្ជីយានយន្តរបស់ក្រសួង គឺត្រូវបានធ្វើឡើងតាមប្រព័ន្ធស្វ័យប្រវត្តិកម្មដំណើរការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវដោយស្វ័យប្រវត្តិ ធានាមិនឲ្យមានការចុះបញ្ជីចេញផ្លាកលេខស្ទួន ឬយានយន្តចុះបញ្ជីដោយគ្មានការបង់ពន្ធនាំចូល ព្រមទាំងមាន QR Code សម្រាប់ស្កេនផ្ទៀងផ្ទាត់គល់បញ្ជីជាសាធារណៈនៅលើផ្លាកលេខ និងបណ្ណសម្គាល់យានយន្ត ថែមទៀតផង។

ក្រសួង បន្ថែមថា ដើម្បីអាចដឹងថា យានយន្តមានចុះបញ្ជីបំពាក់ផ្លាកលេខមាន QR Code ត្រឹមត្រូវ ឬក្លែងក្លាយ សាធារណជន និងបណ្តាញសារព័ត៌មានចូលរួមស្វែងយល់ និងផ្សព្វផ្សាយសេចក្តីជូនដំណឹងចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ ស្តីពីវិធីផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃបណ្ណសម្គាល់យានយន្ត បណ្ណបើកបរយានយន្ត វិញ្ញាបនបត្រ និងលតាបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត និងផ្លាកលេខយានយន្តមាន QR Code។

លើសពីនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន រួមជាមួយអាជ្ញាធរពាក់ព័ន្ធនឹងបន្តជំរុញការផ្សព្វផ្សាយដល់ សមត្ថកិច្ចអនុវត្តច្បាប់ពាក់ព័ន្ធ និងសាធារណជន ពីវិធីផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ នៃរាល់ឯកសារពាក់ព័ន្ធនឹង យានយន្ត និងបណ្ណបើកបរឱ្យបានទូលំទូលាយ ដើម្បីកាត់បន្ថយ និងឈានទៅរកការលុបបំបាត់ ការក្លែងបន្លំ ឯកសារសាធារណៈ និងធានាសន្តិសុខសណ្តាប់ធ្នាប់សង្គម ជាពិសេសការពារបងប្អូនប្រជាពលរដ្ឋពីភាពងាយ រងគ្រោះដោយសារក្រុម ឬបុគ្គលទុច្ចរិត។

ក្រសួង អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវយករថយន្តរបស់ខ្លួនទៅធ្វើការ ចុះបញ្ជីបំពាក់ផ្លាកលេខឲ្យបានស្របច្បាប់ មុននឹងយកទៅប្រើប្រាស់ និងចៀសវាងការប្រើប្រាស់ យានយន្តដោយមិនបានចុះបញ្ជីបំពាក់ផ្លាកលេខសម្គាល់ស្របច្បាប់ ឬបំពាក់ផ្លាកលេខសម្គាល់ក្លែងក្លាយ ដូចករណីខាងលើ៕

To Top