ព័ត៌មានជាតិ

ក្រសួងពាណិជ្ជកម្ម កំពុង​រកវិធីនាំចេញទំនិញ ទៅចិនដោយមិនឆ្លងកាត់ប្រទេសវៀតណាម 

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មនឹងពិនិត្យលទ្ធភាពរកមធ្យោបាយ និងវិធីនាំចេញផ្សេង ដើម្បីជៀសវាងហានិភ័យ និងបញ្ហានានាដែលបណ្ដាលមកពី ការកកស្ទះតាមរយៈការបញ្ជូនទំនិញឆ្លងកាត់ ប្រទេសវៀតណាម ទៅកាន់ប្រទេសចិនតាមច្រកព្រំដែនគោក។

តាមរយៈសេចក្ដីប្រកាស​ព័ត៌មាន ​ក្រសួងបានបញ្ជាក់ថា នាពេលបច្ចុប្បន្នដោយប្រឈម នឹងស្ថានភាពស្រួចស្រាវនៃការរីករាលដាលជំងឺកូវីដ១៩ ជាពិសេសមេរោគបំប្លែងខ្លួនថ្មី អូមីក្រុង ដែលមានហានិភ័យខ្ពស់ បណ្ដាប្រទេសក្នុងតំបន់ និងសកលលោកបានចាប់ផ្ដើម ដាក់ចេញនូវវិធានការរឹតបន្តឹងផ្នែកសុខាភិបាល និងរឹតត្បិតការធ្វើដំណើរចេញ-ចូល ឆ្លងកាត់សំដៅបង្ការ និងទប់ស្កាត់ការរីករាលដាលជាយថាហេតុ។

យោងតាមសេចក្ដីជូនដំណឹងនៃក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មនៃប្រទេសវៀតណាម បានឱ្យដឹងថា សកម្មភាពនាំចូល និងនាំចេញនៅច្រកព្រំដែនវៀតណាម និងចិនបានជួបប្រទះការកកស្ទះយ៉ាងខ្លាំង ជាពិសេសនៅច្រកព្រំដែនខេត្ដ Lang Son និងខេត្ដQuang Ninh ដែលបណ្ដាលជាចម្បងមកពីការរឹតបន្តឹងវិធានការបង្ការការរីករាលដាលជំងឺកូវីដ១៩ របស់ប្រទេសចិនក្រោមគោលនយោបាយ Zero Covid ។ ប្រទេសវៀតណាមបានបញ្ជាក់ថា គិតត្រឹមថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ ក្នុងខេត្ដទាំង២ ខាងលើមានរថយន្ដប្រមាណជាង ៦០០០គ្រឿងកំពុងរងចាំការនាំចេញទៅកាន់ប្រទេសចិន។ តាមការវាយតម្លៃជារួមឃើញថា បរិមាណទំនិញដែលអាចនាំចេញបាននៅច្រកព្រំដែនសំខាន់ៗមួយចំនួនជាមួយប្រទេសចិនមានចំនួនត្រឹមតែ ២៥-៣០% តែប៉ុណ្ណោះបើប្រៀបធៀបទៅនឹងលក្ខខណ្ខនាំចេញធម្មតា។ លើសពីនេះច្រកទ្វាព្រំដែនមួយចំនួនទៀតនៅតែបន្តផ្អាកដំណើរការគយជាបណ្ដោះអាសន្ន រហូតដល់មានសេចក្ដីជូនដំណឹងជាថ្មី។

យ៉ាងណាមិញក្រសួងពាណិជ្ជកម្មនៃប្រទេសកម្ពុជា រួមជាមួយ និងក្រសួង-ស្ថាប័នពាក់ព័ន្ធកំពុងពិនិត្យ និងបន្តតាមដានយ៉ាងយកចិត្ដទុកដាក់នូវការវិវត្ដនៃសភាពការណ៍នេះ ហើយនឹងជម្រាបជូនអំពីវឌ្ឍភាពជាបន្តបន្ទាប់៕

To Top