ព័ត៌មានជាតិ

ក្រសួងរៀបចំដែនដី ដាក់ឱ្យអនុវត្ដការ ត្រួតពិនិត្យ និងបញ្ជាក់សំណង់

ភ្នំពេញ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់សម្រេចដាក់ឱ្យអនុវត្ដការត្រួតពិនិត្យ និងបញ្ជាក់សំណង់ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងរៀបចំដែនដីបានឱ្យដឹងថា ដើម្បីធានាគុណភាព សន្តិសុខ សុវត្ថិភាព សំណង់ ការពារទ្រព្យសម្បត្តិ និងសុខុមាលភាពរបស់ម្ចាស់សំណង់ អ្នកប្រើប្រាស់សំណង់ និងសាធារណជន ច្បាប់ស្ដីពីសំណង់ដែលត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/១១១៩/ ០១៩ ចុះថ្ងៃទី២ ខែវិច្ឆកា ឆ្នាំ២០១៩ បានតម្រូវឱ្យមានការត្រួតពិនិត្យ និងបញ្ជាក់សំណង់។ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យលេខ ២២៥អនក្របក ដើម្បីកំណត់លក្ខខណ្ខ និងនីតិវិធីនៃការត្រួតពិនិត្យ និងបញ្ជាក់សំណង់។

ផ្ទាំងពាណិជ្ជកម្ម

ក្រសួងបានបន្ថែមថា ដើម្បីអនុវត្ដអនុក្រឹត្យនេះ ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានចេញប្រកាសលេខ ០៣៣ ដ.ន.ស./ ប.ក./ នី.ក. ចុះថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ ស្ដីពីបែបទ និងបរិបថនៃការផ្ដល់អាជ្ញាបណ្ណ ការផ្ដល់សន្លឹកអាជ្ញាបណ្ណថ្មី ការបញ្ចប់សុពលភាព និងការបន្តសុពលភាពអាជ្ញាបណ្ណត្រួតពិនិត្យ និងបញ្ជាក់សំណង់ប្រកាសលេខ ១០៩ ដ.ន.ស/ ប.ក./ នី.ក. ចុះថ្ងៃទី២២ ខែវិច្ឆកា ឆ្នាំ២០២១ ស្ដីពីបែបបទនៃការងារត្រួតពិនិត្យ និងបញ្ជាក់គម្រោងប្លង់ស្ថាបត្យកម្ម និងគម្រោងប្លង់ គ្រឿងផ្គុំសំណង់ និងប្រកាសលេខ ១២៦ ដ.ន.ស./ ប.ក./ នី/ក. ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ ស្ដីពីបទនៃ ការងារត្រួតពិនិត្យ និងបញ្ជាក់ការងារសាងសង់ និងរុះរើផ្នែកស្ថាបត្យកម្ម និងផ្នែកគ្រឿងផ្គុំសំណង់។

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បញ្ជាក់ថា ក្នុងស្មារតីនេះ ម្ចាស់សំណង់ អ្នកអភិវឌ្ឍអចលនវត្ថុ និងអ្នកអភិវឌ្ឍលំនៅឋានត្រូវរកអ្នកវិជ្ជាជីវៈ ឬក្រុមហ៊ុនត្រួតពិនិត្យ និងបញ្ជាក់សំណង់ ដែលមានអាជ្ញាបណ្ណផ្ដល់ដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីត្រួតពិនិត្យ និងចេញលិខិតបញ្ជាក់អនុលោមភាពនៃគម្រោងប្លង់ ការងារសាងសង់ ឬរុះរើ ឬសំណង់របស់ខ្លួន តាមបទប្បញ្ញត្តិបច្ចេកទេសសំណង់ និងបទប្បញ្ញត្តិជាធរមានដទៃទៀត មុននឹងដាក់ពាក្យស្នើរសុំលិខិតអនុញ្ញាតសាងសង់ ឬរុះរើ លិខិតអនុញ្ញាតជួសជុល លិខិតអនុញ្ញាតបើកការដ្ឋានសំណង់ និងវិញ្ញាបនបត្រប្រើប្រាស់សំណង់៕

To Top
×