ភ្នំពេញ៖ មន្ត្រីជំនាញអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ CCF តាមបណ្ដារាជធានី ខេត្ដបានចុះត្រួតពិនិត្យតាមទីផ្សារ ឃ្លាំងស្តុកទំនិញ និងដេប៉ូប្រេង បានដកហូតទំនិញខូចគុណភាពបានចំនួន ១៣៣.៥គីឡូក្រាម និងរកឃើញដេប៉ូប្រេង១៤ទីតាំងមិនប្រក្រតី។
តាមរយៈគេហទំព័ហ្វេសប៊ុកអគ្គនាយកដ្ឋាន ក.ប.ប បានឱ្យដឹងថា នាថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ មន្ត្រីជំនាញសាខាខេត្ដតាកែវ សាខាខេត្ដប៉ៃលិន បានចុះត្រួតពិនិត្យផ្ទះស្តុក និងចែកចាយការ៉េមមួយកន្លែងស្ថិតក្នុងស្រុកគីរីវង់ និងផ្ទះលក់ទំនិញមួយចំនួនស្ថិតក្នុងផ្សារប៉ាហ៊ី ខេត្ដប៉ៃលិន បានរកឃើញថាការ៉េមមានភាពអនុលោម តែគ្មានច្បាប់អនុញ្ញាតក្នុងការប្រកបអាជីវកម្ម មន្ត្រីបានណែនាំឱ្យអាជីវករទៅធ្វើឯកសារប្រកបអាជីវកម្មឱ្យបានស្របច្បាប់ និងដកហូតទំនិញមិនមានភាពអនុលោមបានចំនួន ១៣៣.៥គីឡូក្រាម ហើយមន្ត្រីជំនាញបានធ្វើការពិន័យទៅតាមនីតិវិធីច្បាប់។
នាថ្ងៃដដែលមន្រ្តីជំនាញសាខាខេត្ដកណ្ដាល ខេត្ដស្វាយរៀង ខេត្ដសៀមរាប ខេត្ដកំពង់ធំ និងរាជធានីភ្នំពេញបានបន្តប្រតិបត្តិការការពារផលប្រយោជន៍ជូនអ្នកប្រើប្រាស់ និងទប់ស្កាត់អំពើមិនសុចរិតក្នុងធុរកិច្ចប្រេងឥន្ទនៈតាមរយៈការចុះត្រួតពិនិត្យតាមបណ្ដាដេប៉ូប្រេងចំនួន ២៦ទីតាំងហើយបានរកឃើញ ដេប៉ូប្រេង ១៤ទីតាំងមិនមានភាពអនុលោម ម្ចាស់ដេប៉ូត្រូវបានមន្ត្រីជំនាញធ្វើការពិន័យទៅតាមនីតិវិធីផងដែរ៕