ព័ត៌មានជាតិ

មេដឹកនាំយោធាភូមា សុំរដ្ឋបុរសសន្តិភាព សម្តេចតេជោ ធ្វើជាបងប្អូននឹងគ្នា!

ភ្នំពេញ៖ នៅក្នុងដំណើរទស្សនកិច្ច រយៈពេល២ថ្ងៃ ទៅកាន់ប្រទេសមីយ៉ាន់ម៉ា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ត្រូវបាន នាយឧត្តមសេនីយ៍ មីន អោងឡាំង ប្រធានក្រុមប្រឹក្សា រដ្ឋបាលរដ្ឋនិងជានាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋ សហភាពមីយ៉ាន់ម៉ា សុំរាប់អានធ្វើជាបងប្អូននឹងគ្នា។

យោងតាមហ្វេសហ៊ុក របស់លោក អនឃួន សំអូន អ្នកថតរូប TVK បានសរសេររៀបរាប់ថា «បញ្ចប់បេសកកម្មការងារ ក្រៅប្រទេសលើកដំបូង ដើមឆ្នាំ២០២២ (៧-៨មករា) ធ្វើដំណើរថតនិងរាយការណ៍ព័ត៌មាន សម្តេចតេជោនាយករដ្ឋមន្រ្តី អញ្ជើញបំពេញទស្សនកិច្ចការងារ ក្នុងនាមប្រធានអាស៊ានឆ្នាំ២០២២ ទៅកាន់រដ្ឋធានីណៃពិដោរ សាធារណរដ្ឋមីយ៉ាន់ម៉ា។ ខ្ញុំសូមបង្ហើបរឿងពិតមួយ ដែលរូបខ្ញុំស្តាប់លឺផ្ទាល់នឹងត្រចៀករបស់ខ្ញុំ ខ្ញុំមិនបំភ្លើបំភ្លៃក្នុងនាម ជាអ្នកសារព័ត៌មានមួយរូប»។

លោកបន្ថែមថា «នៅក្នុងបេសកកម្ម ទៅកាន់រដ្ឋធានី ណៃពិដោរ លើកនេះ ព្រោះធ្លាប់បានបំពេញ ការតាមសម្តេចទៅកាន់រដ្ឋធានី ណៃពិដោរ មិនតិចជាង៥លើករួចមកហើយ ជាមួយសម្តេចតេជោ ចាប់តាំងរដ្ឋធានីនោះ កសាងឡើងដោយ នាយឧត្តមសេនីយ៍ ថាន់ស្វេ ប៉ុន្តែបេសកកម្មលើកនេះ រូបខ្ញុំពិតជារំភើប រីករាយដោយបានស្តាប់លឺ នឹងត្រចៀក នៅពេលដែលនាយឧត្តមសេនីយ៍ មីន អោងឡាំង មានប្រសាសន៍ជំរាប ជូនសម្តេចពេលជូនដំណើរសម្តេច ឡើងរថយន្ត ក្រោយទទួលភោជនីយ៍អាហារពេលរាត្រី ថ្ងៃទី៧មករា ថា រូបខ្ញុំ (មីន អោងឡាំង) សូមគោរពរាប់អាន សម្តេចជាបងប្អូននឹងគ្នា ចាប់ពីពេលនេះតទៅ បើសម្តេចមានកម្មវិធីរៀបមង្គលការកូន ឬចៅ សូមសម្តេចអញ្ជើញប្អូនផង ប្អូននឹងទៅចូលរួម»។

លោកថា «នៅអាស៊ានសម្តេច មានបងប្អូនប្រុសបួននាក់ ហើយមកដល់ពេលនេះ (ព្រះចៅស៊ុលតង់-សម្តេចតេជោ-ថាក់ស៊ីន-មីន អោងឡាំង) មិត្តល្អរបស់សម្តេចនឹងផ្តល់ ផលប្រយោជន៍ សំរាប់ប្រទេស និងប្រជាជនទាំងអស់ ដែលរស់នៅលើលោកយើងនេះ»។

លោកបន្ថែមថា «មីយ៉ាន់ម៉ា នឹងទទួលបានសុខសន្តិភាព យ៉ាងពេញលេញ នៅពេលបុរសសង្ហារដើរបញ្រាស់ទិស បោះជំហ៊ានចូលផ្សៈផ្សាររកដំណោះស្រាយសន្តិភាព។ ជយោ សម្តេចតេជោ ហ៊ុន សែន និម្មិតរូបនៃក្តីមេត្តា ករុណា សណ្តោសប្រណី សន្តិភាព សំរាប់មនុស្សជាតិទាំងអស់។ សូមអរគុណប្អូន គិត សេរី ដែលបានតាមប្រមាញ់រូបផ្តល់ឲ្យខ្ញុំ ពេលចុះពីលើយន្តហោះកាលពីព្រឹកមិញ»។

To Top