ព័ត៌មានជាតិ

មីជាតិ ចូលរួមបើកបវេសនកាលថ្មី ជាមួយគម្រោង “កាតាបខ្ញុំ អនាគតខ្ញុំ” នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ

ភ្នំពេញ ៖ ដើម្បីចូលរួមអបអរសាទរ ដល់ការបើកបវេសនកាលឆ្នាំសិក្សាថ្មី និងលើកទឹកចិត្ត ដល់សិស្សានុសិស្ស ក្នុងការសិក្សា ក្រោមទស្សនាទានថ្មី “គន្លងប្រក្រតីភាពថ្មី ក្នុងវិស័យអប់រំ” របស់រាជរដ្ឋាភិបាលកម្ពុជា ។ ក្រុមហ៊ុនមីជាតិ បាននាំយក នូវសម្ភារសិក្សា និងសម្ភារប្រើប្រាស់ ចាំបាច់មួយចំនួនធំ ជូនដល់សិស្សានុសិស្ស ដែលកំពុងសិក្សានៅសាលាបឋមសិក្សា ទួលស្រគំ ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ជាមួយគម្រោង “កាតាបខ្ញុំ អនាគតខ្ញុំ” ដែលជាគំនិតផ្តួចផ្តើមរបស់ មីជាតិ ។

កម្មវិធីនេះ ត្រូវបានប្រព្រឹត្តឡើងក្រោមការចូលរួមដោយ លោក សរ សុពុត្រា អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ថ្នាក់ដឹកនាំក្រុមហ៊ុនមីជាតិ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន លោកគ្រូអ្នកគ្រូ បុគ្គលិកក្រុមហ៊ុនមីជាតិ អាណាព្យាលបាល និងសិស្សានុសិស្ស ប្រមាណ ១៥០នាក់ ។ សម្ភារដែលបាននាំជូនសាលា សិស្សនុសិស្ស លោកគ្រូ អ្នកគ្រូ និងអាជ្ញាធរមូលដ្ឋាន រួមមាន ថ្នាំពេទ្យ ម៉ាស អាកុល កាតាបស្ពាយ សៀវភៅ ខ្មៅដៃ សៀវភៅគំនូរ ដបទឹក សាប៊ូលាងដៃ ដបអាល់កុល ទឹកពិសាវីតាល់ និងមីជាតិ ជាច្រើនកេស ។

លោក សោមនស្ស វិបុល ប្រធានជាន់ខ្ពស់ផ្នែកពាណិជ្ជកម្ម នៃក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (មីជាតិ) បានមានប្រសាសន៍ថា ការនាំយកសម្ភារសិក្សា ក៏ដូចជាសម្ភារប្រើប្រាស់ មកជូននាពេលនេះ គឺជាស្ថិតនៅក្រោមគម្រោង “កាតាបខ្ញុំ អនាគតខ្ញុំ” ដែលជាគំនិត ផ្តួចផ្តើមថ្មីមួយ នៃបេសកកម្ម របស់ក្រុមហ៊ុន មីជាតិ ដែលតែង តែអនុវត្តជាប្រចាំ ដើម្បីផ្តល់កិច្ចគាំពារ ទៅដល់សង្គម ។ គម្រោង “កាតាបខ្ញុំ អនាគតខ្ញុំ” មានគុណតម្លៃ ក្នុងការចូលរួមគាំទ្រ ដល់វិស័យ អប់រំ ដោយស្របជាមួយគោលដៅអភិវឌ្ឍន៍ប្រកប ដោយចីរភាព របស់អង្គការសហប្រជាជាតិ ក្នុងគោលដៅទី៤ “ការអប់រំប្រកបដោយគុណភាព” តាមរយៈការផ្តល់ជូន នូវសម្ភារសិក្សាដល់សិស្សានុសិស្ស ដែលជួបការលំបាក និងជួយពួកគេកាត់បន្ថយការ ចំណាយលើការសិក្សាផងដែរ ។

ក្នុងគោលបំណងសំខាន់មួយទៀត គឺការចូលរួមដោយផ្ទាល់ ឬ ប្រយោល ក្នងការកាត់បន្ថយអត្រា បោះបង់ចោល ការសិក្សាដោយសារបញ្ហាហិរញ្ញវត្ថុ និងបរិយាកាសនានា ពិសេសនៅតាមតំបន់ជនបទ ។”

ផ្ទាំងពាណិជ្ជកម្ម

លោក សរ សុពុត្រា អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានសម្តែងការកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើម របស់ក្រុមហ៊ុនមីជាតិ ដែលប្រឹងប្រែង ទាំងកម្លាំងកាយចិត្ត និងធនធាន ក្នុងការនាំយកនូវ អំណោយទាំងនេះ មកជូនដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ក្នុងឱកាសវិល ត្រលប់ចូលភូមិសិក្សាវិញ បន្ទាប់ពីឆ្លងកាត់ និងទទួលនូវបទពិសោធន៍ នៃការអប់រំក្នុងសម័យកូវីដ-១៩ ក្នុងឆ្នាំសិក្សាកន្លងមកនេះ ។

លោកបានបន្តទៀតថា ការផ្តល់ជូននេះ ជាឆន្ទះដ៏វិសេសវិសាល ដែលក្រុមហ៊ុនឯកជន ចូលរួមគាំទ្រដោយផ្ទាល់ តាម រយៈការបង្កើត នូវគំនិតផ្តួចផ្តើមថ្មីៗ ដើម្បីចូលរួមជា មួយរាជរដ្ឋាភិបាល ស្រមតាមផែនការយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាល និង គោលនយោបាយជាតិ ស្ដីពីការអប់រំ ។

គួរបញ្ចាក់ផងដែរថា គម្រោង “កាតាបខ្ញុំ អនាគតខ្ញុំ” អាចកើតឡើងបាន ក៏ដោយសារការគាំទ្រពីសំណាក់អតិថិជន និងអ្នកប្រើប្រាស់ផលិតផលមីជាតិ ដែលជាមីឆ្អិនស្រាប់មុនដំបូងគេនៅកម្ពុជា និងមានរសជាតិខ្មែរ បង្កើតឡើងដោយ ជនជាតិខ្មែរ ។ ឆ្លើយតបនឹងការគាំទ្រ ពីសំណាក់ប្រជាពលរដ្ឋកម្ពុជា មីជាតិ ប្តេជ្ញាបន្តចូលរួមចំណែក ក្នុងសកម្មភាពសង្គម និងសប្បុរសធម៌នានា បន្តទៀត ដើម្បីបុព្វហេតុជាតិមាតុភូមិ ៕

To Top