ព័ត៌មានជាតិ

សម្ដេច ស ខេង រំលឹកថា កម្ពុជាធ្លាប់ជួយវៀតណាម ឯកភាពទឹកដី ខណៈវៀតណាម ក៏ធ្លាប់ជួយកម្ពុជា ឲ្យឆ្លងផុតពី របបប៉ុលពត

ភ្នំពេញ ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានរំលឹកថា កម្ពុជា ធ្លាប់ជួយវៀតណាម ដើម្បីឯកភាពទឹកដីរវាង វៀតណាមខាងជើង និងខាងត្បូង ហើយវៀតណាម ក៏ធ្លាប់បានជួយកម្ពុជា ឲ្យឆ្លងផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត។

ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មណ្ឌលហែលទឹក បាត់ដំបង និងការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២១ នារសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ សម្ដេច ស ខេង បានឲ្យដឹងថា អ្នកស្នេហាជាតិដែលនៅសេសសល់ពីរបបខ្មែរក្រហម បានក្រោកឡើងតស៊ូ ហើយមានលក្ខណៈដាច់ពីគ្នា ប៉ុន្ដែមានឧត្តមកិត្តដូចគ្នា ក្នុងការប្រឆាំងរបបប្រល័យពូជសាសន៍ប៉ុលពត ដើម្បីធ្វើយ៉ាងសង្គ្រោះជីវិតប្រជាពលរដ្ឋ ឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត។

សម្ដេច បន្ដថា អ្នកស្នេហាជាតិទាំងអស់នោះ បានទាក់ទង និងចាប់ដៃ និងរួមសាគ្គីជាមួយគ្នា បង្កើតជាអង្គការនយោបាយហៅថា «រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា» ដោយប្រកាសជាផ្លូវ កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨។

ផ្ទាំងពាណិជ្ជកម្ម

សម្ដេច បន្ថែមថា ថា បន្ទាប់មកទៀត ដោយមានការសាគ្គី និងគាំទ្រយ៉ាងខ្លាំងក្លាពីប្រជាពលរដ្ឋ ដែលស្រែកឃ្លានចង់រស់រាន់មានជីវិត រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បានខិតខំតស៊ូពោះពារ ដើម្បីបណ្ដើមយកជ័យជំម្នះ ៧ មករា ១៩៧៩ ដោយមានការគាំទ្រ និងឧបត្ថម្ភពីកងទ័ព និងប្រជាជនវៀតណាម។ សម្ដេច បញ្ជាក់ថា «ទាំងនេះជាប្រវត្តិសាស្ដ្រ ដែលប្រជាពលរដ្ឋខ្មែរមិនអាចបំភ្លិចបានឡើយ»។

សម្ដេច ស ខេង បានថ្លែងថា «បើនិយាយទំនាក់ទំនង កម្ពុជា-វៀតណាម គឺកម្ពុជា ក៏ធ្លាប់បានជួយវៀតណាម ដើម្បីឯកភាពទឹកដីរវាង ភាគខាងជើង និងភាគខាងត្បូង។ ឯ វៀតណាម ក៏ធ្លាប់បានជួយកម្ពុជា នៅពេលកម្ពុជាឆ្លងកាត់របបប្រល័យពូជសាសន៍ប៉ុលពត»។

សម្ដេច បញ្ជាក់បន្ថែមទៀតថា ថ្ងៃ៧ មករា គឺជាព្រឹត្តិការប្រវត្តិសាស្ដ្រ ហើយប្រជាពលរដ្ឋខ្មែរតែងតែលើកឡើងថា «អ្វីៗកើតឡើង គឺក្រោយ ៧មករា , បើគ្មាន ៧ មករា អ្វីៗមិនអាចកើតមានបាននោះទេ»៕

To Top
×