ភ្នំពេញ៖ រដ្ឋបាលគយប្រទេសចិន បានធ្វើការវិភាគហានិភ័យ និងត្រួតពិនិត្យផ្លែមៀនប៉ៃលិន របស់កម្ពុជាតាមរយៈវីឌីអូ ជាការសម្រេចស្ថាប័នទទួលបន្ទុក កិច្ចការត្រួតពិនិត្យទាំងពីរ ប្រទេសបញ្ជាក់ថា ការវាយតម្លៃលើកនេះទទួលបាន ជោគជ័យពេញលេញ និងបានលទ្ធផលដូចការរំពឹងទុក។

តាមរយៈគេហទំព័រហ្វេសប៊ុក ស្ថានទូតចិនប្រចាំកម្ពុជាបានឱ្យដឹងថា ដើម្បីអនុវត្ដកុងសុងស៊ីស ពាក់ព័ន្ធដែលថ្នាក់ដឹកនាំចិន និងកម្ពុជាកំណត់ជូន និងដើម្បីបញ្ចប់នីតិវិធីតេស្ដ និងត្រួតពិនិត្យលើផ្លែមៀនប៉ៃលិន របស់កម្ពុជា ដែលនាំចេញទៅកាន់ប្រទេសចិន ឱ្យបានឆាប់រហ័ស នាថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ២០២២ រដ្ឋបាលគយប្រទេសចិន បានធ្វើការវិភាគហានិភ័យ និងត្រួតពិនិត្យផ្លែមៀនកម្ពុជាតាមរយៈវីឌីអូ ដែលមានមន្រ្តីតំណាង ស្ថានទូតចិនប្រចាំកម្ពុជា និងមន្ត្រីតំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជាបានចូលរួម ត្រួតពិនិត្យនៅទីតាំងផ្ទាល់។

ដំណើរការខាងលើនេះ បានចុះពិនិត្យចម្ការផ្លែមៀនចំនួន ៣កន្លែងក្នុងខេត្ដប៉ៃលិន និងខេត្ដបាត់ដំបង ហើយបន្តទៅត្រួតពិនិត្យ រោងចក្រវេចខ្ចប់ចំនួន ២កន្លែងក្នុងខេត្ដប៉ៃលិន និងខេត្ដកំពង់ស្ពឺ ព្រមទាំងមន្ទីរពិសោធន៍ ភូតគាមអនាម័យ និងមន្ទីរពិសោធន៍គុណភាពសុវត្ថិភាព ក្នុងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជាផងដែរ។

គួរំលឹកថា កាលពីចុងឆ្នាំ២០២១ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្ដីប្រកាសថា ដើម្បីមានលទ្ធភាពចរចា បើកទីផ្សារឱ្យបានលឿនឈានដល់ ការអនុញ្ញាតនាំចូលទៅប្រទេសចិន ចាំបាច់ត្រូវបំពេញលក្ខខណ្ខតម្រូវ ភូតគាមអនាម័យស្ដង់ដាគុណភាព និងសុវត្ថិភាពឱ្យបានពេញលេញ ដែលទាមទាឱ្យម្ចាស់ចម្ការ អនុវត្ដបច្ចេកទេសដាំដុះ តាមគោលការណ៍នៃ ការអនុវត្ដកសិកម្មល្អ និងត្រូវមានការវិនិយោគ សាងសង់រោងចក្រវេចខ្ចប់ សម្លាប់សមាសភាពចង្រៃ តាមស្ដង់ដាកំណត់ឱ្យបានគ្រប់គ្រាន់ ៕
