Feature

ក្រសួងសុខាភិបាល ៖ កុំប្រើប្រាស់ចំណីអាហារ ហួសកាលកំណត់ ក្នុងអំឡុងកាន់បិណ្ឌ និងភ្ជុំបិណ្ឌ

ភ្នំពេញ ៖ ក្នុងអំឡុងពេលពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ឆ្នាំ២០២៦ ក្រសួងសុខាភិបាល បានណែនាំប្រជាពលរដ្ឋគ្រប់រូប កុំប្រើប្រាស់ចំណីអាហារហួស កាលកំណត់ប្រើប្រាស់។

តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងសុខាភិបាល នាថ្ងទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ក្រសួងសុខាភិបាល បានឱ្យដឹងថា ក្នុងឱកាស នៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ឆ្នាំ២០២៦ ក្រសួងសុខាភិបាល អំពាវនាវ និងធ្វើការក្រើន រំលឹកប្រជាពលរដ្ឋគ្រប់រូប ត្រូវបន្តការប្រុងប្រយ័ត្នប្រកប ាដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្ត នូវវិធានការនានា ដើម្បីការពារសុខភាពផ្ទាល់ខ្លួន គ្រួសារ និងសហគមន៍ ពីការចម្លងជំងឺផ្សេងៗ រួមទាំងការបង្ការ សុខភាពបណ្តាលជាយថា ហេតុមកពីការពុលចំណីអាហារ ពុលស្រា និងសុវត្ថិភាពពេលធ្វើដំណើរ ការបង្ការការ ចម្លងជំងឺផ្លូវដង្ហើម ជំងឺផ្តាសាយ ជំងឺផ្តាសាយបក្សី ជំងឺកូវីដ-១៩ និងជំងឺឆ្លងផ្សេងៗ។

ក្រសួង បន្ដថា ត្រូវប្រកាន់ខ្ជាប់នូវការអនុវត្តអនាម័យ និងចំណីអាហារដែលមានសុវត្ថិភាព ដោយត្រូវលាងសម្អាតដៃ មុនចាប់កាន់ចំណីអាហារ និងលាងឱ្យបានញឹកញាប់ ជាពិសេសបន្ទាប់ពីការប៉ះពាល់សត្វ បោចសំអាត រោមសត្វបសុបក្សី ឬវត្ថុផ្សេងៗ ដែលអាចជាប្រភពចម្លងរោគ។

ក្រសួង បន្ថែមថា ចម្អិនម្ហូបអាហារឱ្យបានឆ្អិនល្អ ជាពិសេសសាច់ សត្វស្លាប ស៊ុត និងអាហារសមុទ្រ ព្រមទាំងកុំទទួលទាន ពងមាន់ ឬពងទាជ័រព្នៅ។ នៅពេលលោកអ្នកទិញម្ហូបអាហារដែលឆ្អិនស្រាប់ នៅតាមទីផ្សារ ឬតាម ដងផ្លូវ ត្រូវប្រាកដថាអាហារទាំងនោះមានអនាម័យ និងមានសុវត្ថិភាព។ សម្អាតសម្ភារប្រើប្រាស់ សម្រាប់ចម្អិនម្ហូបអាហារឱ្យបានត្រឹមត្រូវ។

ក្រសួង គូសបញ្ជាក់ថា «ទុកដាក់អាហារឆៅ និង ឆ្អិនឱ្យនៅដាច់ដោយឡែកពីគ្នា។ កុំរក្សាទុកអាហារ ក្នុងកន្លែងដែលមានសីតុណ្ហភាព ធម្មតាលើសច្រើនម៉ោង (ត្រូវរក្សាអាហារនៅសីតុណ្ហភាពត្រជាក់តិចជាង ៥អង្សាសេ និងបើក្តៅ គឺត្រូវ លើសពី ៦០អង្សាសេ។ សុវត្ថិភាពល្អ គឺចម្អិនអាហារមួយពេលសម្រាប់តែមួយពេល ដោយមិនទុក អាហារសេសសល់យូរដែលអាចផ្អែម ដែលបង្កឱ្យមានការជំងឺរាក ឈឺពោះ ក្អួតជាដើម)។ ត្រូវប្រើប្រាស់ទឹកស្អាត និងវត្ថុធាតុដើមដែលល្អ ហើយមិនត្រូវប្រើប្រាស់សារីធាតុគីមីបន្ថែម។ កុំប្រើប្រាស់ចំណីអាហារហួស កាលកំណត់ប្រើប្រាស់។ មេតាណុលមិនមែនជាមេស្រាទេ កុំប្រើប្រាស់មេតាណុលផលិតស្រា ស និងស្រាថ្នាំ»៕

To Top