នយោបាយ

អាមេរិក ជំរុញកម្ពុជា ធានាដល់ការធ្វើដំណើរទស្សនកិច្ច របស់ប្រសិតពិសេសអាស៊ាន ជួបគ្រប់ភាគីពាក់ព័ន្ធ ក្នុងជម្លោះមីយ៉ាន់ម៉ា

ភ្នំពេញ ៖ ដំណើរទៅប្រទេសមីយ៉ាន់ម៉ា ព្រមទាំងភ្ជាប់ជាមួយលទ្ធផលរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា កំពុងក្លាយជាប្រធានបទសំខាន់សម្រាប់កិច្ចពិភាក្សាពីបណ្តាប្រទេសក្នុងតំបន់អាស៊ាន និងមហាអំណាចពិភពលោកក្នុងការជជែកគ្នាមិនចេះចប់នោះ នាថ្ងៃ១២ មករានេះ លោក Chad Roedemeier អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំកម្ពុជាតំណាងឲ្យមហាអំណាចអាមេរិក បានជំរុញឲ្យកម្ពុជា ប្រើប្រាស់ នាមប្រធានអាស៊ាន ធ្វើយ៉ាងណាធានាដល់ការអនុវត្តគោលការណ៍កុងសង់ស៊ីស៥ចំណុចរបស់អាស៊ានសម្រាប់មីយ៉ាន់ម៉ា និងធានាដល់ដំណើរទស្សនកិច្ចរបស់ប្រសិតពិសេសអាស៊ាន អាចបានទៅជួបគ្រប់ភាគីពាក់ព័ន្ធទាំងអស់ក្នុងប្រទេសមីយ៉ាន់ម៉ា។ នេះបើយោងតាមការចេញផ្សាយ ទូរទស្សន៍ជាតិកម្ពុជា ។

ការចេញមកមានមតិយោបល់លើបញ្ហាភូមា ឬមីយ៉ាន់ម៉ាពីសំណាក់អាមេរិក ធ្វើឡើងក្រោយគ្នាមួយថ្ងៃបន្ទាប់ពីមហាអំណាចចិនបានប្រកាសគាំទ្រកម្ពុជាយ៉ាងពេញទំហឹង លើករណីទៅផ្សះផ្សារជម្លោះនេះ ។

លោក Chad Roedemeier បានលើកឡើងថា «យើងគាំទ្រកូសង់ស៊ីស៥ចំណុចរបស់អាស៊ាន ហើយជំរុញឲ្យកម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ បន្តជំរុញឲ្យមានការអនុវត្តនូវចំណុចទាំង៥ និងដើម្បីធានាថា ដំណើរទស្សនកិច្ចណាមួយរបស់ប្រេសិតពិសេសអាស៊ាន នឹងមានការជួបជាមួយគ្រប់ភាគីពាក់ព័ន្ធ។ យើងសូមរំលឹកឡើងវិញនូវការអំពាវនាវរបស់យើងដល់របបយោធាភូមាឲ្យបញ្ចប់ការប្រើប្រាស់អំពើហិង្សា, ដោះលែងអ្នកដែលត្រូវបានឃុំឃាំងដោយអយុត្តិធម៌ទាំងអស់ និងចូលរួមក្នុងការសន្ទនា ក្នុងន័យស្ថាបនា ជាមួយគ្រប់ភាគីដែលគោរពឆន្ទៈរបស់ប្រជាជនភូមា»។

លោកបន្ដថា កិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុចរបស់អាស៊ានសម្រាប់មីយ៉ាន់ម៉ា មានដូចជា តម្រូវឲ្យបញ្ឈប់អំពើហិង្សា បង្កើតការសន្ទនាគ្រប់ភាគី ទទួលយកការសម្របសម្រួលរបស់បេសកជនពិសេសអាស៊ាន ការផ្ដល់ជំនួយមនុស្សធម៌ និងអនុញ្ញាតឲ្យបេសជនពិសេសទៅបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ា។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើទស្សនកិច្ចទៅកាន់មីយ៉ាន់ម៉ា កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ កន្លងទៅ ដើម្បីជួយស្វែងរកដំណោះស្រាយនៃជម្លោះមីយ៉ាន់ម៉ា ក៏ដូចជានាំប្រទេសនេះចូលក្នុងអាស៊ានវិញផងដែរ ដោយលទ្ធផលដែលគេចាប់អារម្មណ៍ខ្លាំងជាងគេ គឺលោក មីន អ៊ុងឡាំងមេដឹកនាំយោធា បានប្រកាសពន្យារពេលបទឈប់គ្នាជាមួយអង្គការប្រដាប់អាវុធជនជាតិ ដើមភាគតិចរហូតដល់ចុងឆ្នាំ២០២២ ។

ក្រោយដំណើរទស្សនកិច្ចនេះ មហាអំណាចចិន ក៏បានប្រកាសគាំទ្រយ៉ាងពេញទំហឹងដោយថា កម្ពុជាបានដើរតួនាទីយ៉ាងសកម្ម និងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការគ្រប់គ្រងការខ្វែងគំនិតគ្នារវាងភាគីនៃ មីយ៉ាន់ម៉ា តាមរយៈការសន្ទនានយោបាយ និងការស្តារស្ថិរភាព និងការសម្រេចបាននូវការអភិវឌ្ឍនៅដំណាក់កាលដំបូង ៕

To Top