ព័ត៌មានជាតិ

ក្រសួងសាធារណការ និងIBC ពិភាក្សាគ្នាពីការប្រើប្រាស់បច្ចេកវិទ្យា Telegram Bot ដើម្បីធ្វើឱ្យប្រសើរឡើង នូវទំនាក់ទំនង និងទទួលយកព័ត៌មានពីពលរដ្ឋ

ភ្នំពេញ ៖ ថ្មីៗនេះ លោក ហ៊ាង សុទ្ធាយុត្តិ ប្រធាននាយកដ្ឋាន ព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ និងជាអ្នកនាំពាក្យ ក្រសួងសាធារណការ និងដឹកជញ្ជូន បានជួបពិភាក្សាការងារ ជាមួយលោក Paul Clements ប្រធានសភាពាណិជ្ជកម្ម អន្តរជាតិ ប្រចាំកម្ពុជា IBC អំពីលទ្ធភាព ក្នុងការប្រើប្រាស់បច្ចេកវិទ្យា Telegram Bot ដើម្បីធ្វើឱ្យប្រសើរឡើង នូវការទំនាក់ទំនង និងទទួលយកព័ត៌មានពីប្រជាពលរដ្ឋ ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន។

ជំនួបពិភាក្សានេះត្រូវបានធ្វើឡើង ក្រោមការចង្អុលបង្ហាញពី លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃនៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចណ៍ផ្លូវគោក ក្នុងគោលបំណង ដើម្បីរិះរកវិធីធ្វើទំនើបកម្ម ទៅលើទំនាក់ទំនង និងផ្តល់លទ្ធភាពជូនប្រជាពលរដ្ឋ អាចរាយការណ៍ ផ្តល់ព័ត៌មាន អំពីបញ្ហាចរាចរណ៍ ការស្ថាបនាថែទាំហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងការផ្តល់សេវាសាធារណៈ តាមរយៈការបញ្ជូនរូបភាព វីដេអូ ទីតាំង ពេលវេលា និងខ្លឹមសារព័ត៌មានពាក់ព័ន្ធ។

គំនិតផ្តួចផ្តើមនេះ នឹងបង្កលក្ខណៈឈានទៅរក ការធានាដល់ទំនាក់ទំនងលឿនរហ័ស និងផលិតរបាយការណ៍ការងារ ដោយស្វ័យប្រវត្តិ ជាមួយនឹង បច្ចេកវិទ្យា Telegram Bot ក្នុងកម្មិធីទំនាក់ទំនង Telegram ដែលកំពុងត្រូវបានប្រេីប្រាស់ យ៉ាងទូលំទូលាយនៅកម្ពុជា និងក្នុងសកលលោក។

ផ្ទាំងពាណិជ្ជកម្ម

អង្គប្រជុំបានពិភាក្សាស្វែងយល់អំពី លំហូរ និងតម្រូវការការងារ ជាយន្តការផ្នែកយន្តការបច្ចេកវិទ្យា។ អង្គប្រជុំបានឯកភាព ក្នុងការសិក្សាកម្រិតបច្ចេកទេសឱ្យកាន់តែស៊ីជម្រៅ ដើម្បីមានមូលដ្ឋាន គោរពស្នើសុំគោលការណ៍ ពី លោកទេសរដ្ឋមន្ត្រី បន្តកិច្ចសហប្រតិបត្តិការជាមួយ IBC រៀបចំប្រព័ន្ធដែលភ្ជាប់បច្ចេកវិទ្យា Telegram Bot នេះឱ្យដំណើការផ្តល់ជាផលប្រយោជន៍ជូនប្រជាពលរដ្ឋលរដ្ឋ និងសម្រួលការងារមន្ត្រីពាក់ព័ន្ធ។

បច្ចុប្បន្ននេះ កម្មវិធីទំនាក់ទំនង Telegram មានអ្នកប្រើប្រាស់ប្រមាណ ៥៥០លាននាក់ (របាយការណ៍ Data Reportal គិតត្រឹមខែតុលា ២០២១)។ កម្មវិធីទំនាក់ Telegram ក៏ជាកម្មវិធីមួយ ដែលជាប់ចំណាត់ថ្នាក់លេខ១ នៅកម្ពុជា ទាំងក្នុងប្រព័ន្ធប្រតិបត្តិការ iOS និង Android ផងដែរ នេះបើយោងតាមរបាយការណ៍ របស់ Similar Web គិតត្រឹមថ្ងៃទី ១២ មករា ២០២២។

សូមជម្រាបជូនថា Telegram Bot គឺជាគណនី ឆ្លាតវៃ និងស្វ័យប្រវត្តិ ដែលប្រើប្រាស់បច្ចេកវិទ្យា AI (Artificial Intelligent) ដើម្បីផ្សារភ្ជាប់ទំនាក់ទំនង ឆ្លើយឆ្លងលឿនរហ័ស ជាមួយអ្នកប្រើប្រាស់ ព្រមទាំងប្រមូល វិភាគ និងចងក្រងព័ត៌មាន នៅក្នុងកម្មវិធីទំនាក់ទំនង Telegram៕

To Top
×