ព័ត៌មានជាតិ

ប្រមុខការទូតសិង្ហបុរី សរសើរសុច្ឆន្ទៈ របស់សម្ដេចតេជោ ក្នុងការដោះស្រាយវិបត្តិ នៅមីយ៉ាន់ម៉ា (Video)

ភ្នំពេញ៖ បន្ថែមទំងន់លើគំនិតផ្ដួចផ្ដើមរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងការកែលម្អស្ថានការណ៍នយោបាយ នៅប្រទេសមីយ៉ាន់ម៉ា លោក វីវៀន បាឡាក់គ្រីស្តូណាន់ រដ្ឋមន្ដ្រីការបរទេសសិង្ហបុរី បានសម្ដែងការគាំទ្រ និងបង្ហាញការកោតសរសើរចំពោះសុច្ឆន្ទៈ របស់ប្រមុខដឹកនាំកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០០២ ក្នុងការដោះស្រាយវិបត្តិ យ៉ាងស្មុគស្មាញមួយនេះ។ នេះយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលជំនួបរវាងប្រមុខការទូតខ្មែរលោកឧបនាយករដ្ឋមន្រ្តីប្រាក់ សុខុន និងការទូតសិង្ហបុរី លោក វីវៀន បាឡាក់គ្រីស្តូណាន់ កាលពីថ្ងៃ១៣ មករា ហើយទើបបង្ហាញលទ្ធផលផ្លូវការនាថ្ងៃ១៨ មករា ។

ជាមួយការកោតសរសើរនេះ លោកក៏បានសម្ដែងការព្រួយបារម្ភ ចំពោះការវិវត្តចុងក្រោយបង្អស់ នៅមីយ៉ាន់ម៉ាដែលមិនអំណោយផល សម្រាប់កិច្ចខិតខំប្រឹងប្រែង ដើម្បីសម្រេចឲ្យបាននូវវឌ្ឍនភាព បន្ថែមទៀតលើ 5PC និងសម្រាប់អ្នកតំណាងនយោបាយរបស់មីយ៉ាន់ម៉ាក្នុងកិច្ចប្រជុំអាស៊ានផងដែរ។

ស្ថានការណ៍នយោបាយនៅមីយ៉ាន់ម៉ា បាននឹងកំពុងមានភាពតានតឹង កាន់តែខ្លាំងឡើងៗ ចាប់តាំងពីមានរដ្ឋប្រហារទម្លាក់លោកស្រី អ៊ុង សានសូជី កាលពីដើមខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅ និងក្រោយពីមានដំណើរទស្សកិច្ចសម្តេចតេជោ ដើម្បីចូលរួមដោះស្រាយក្នុងនាមប្រធានអាស៊ាន ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសខ្មែរ បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសទាំងពីរ បានទន្ទឹងដល់ការរៀបចំកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន (AMM Retreat ដែលជាកិច្ចប្រជុំដ៏ធំលើកដំបូង ក្នុងចំណោមប្រទេសជាសមាជិកទាំង១០ ក្រោមភាពជាប្រធានអាស៊ាន ឆ្នាំ២០២២ របស់កម្ពុជា ។ បន្ថែមពីនេះ ភាគីទាំងពីរបានពិភាក្សាអំពីការវិវិត្តនៅក្នុងប្រទេសមីយ៉ាន់ម៉ា។

នៅក្នុងជំនួបនេះ លោក ប្រាក់ សុខុន បានជម្រាបជូនលោក វីវៀន បាឡាក់គ្រីស្តូណាន់ អំពីលទ្ធផល នៃដំណើរទស្សនកិច្ចរបស់ សម្តេចតេជោ ទៅកាន់ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី ៧-៨ ខែមករា ឆ្នាំ២០២២ ដែលជា ជំហានមួយដ៏សំខាន់ ដើម្បីត្រួសត្រាយផ្លូវ សម្រាប់កិច្ចសន្ទនាប្រកបដោយ បរិយាប័ន្នក្នុងចំណោមគ្រប់ភាគី ពាក់ព័ន្ធលើបញ្ហាមីយ៉ាន់ម៉ា។

លោក ប្រាក់ សុខុន បានសង្កត់ធ្ងន់ថា «កម្ពុជាមានបំណងប្រាថ្នាដូច គ្នានឹងប្រទេសជាសមាជិកអាស៊ាន និងសហគមន៍អន្តរជាតិផ្សេងទៀត ដែលនឹងជួយមីយ៉ាន់ម៉ាឲ្យសម្រេច បានសន្តិភាព និងការផ្សះផ្សាយូរអង្វែង»។

ឆ្លៀតក្នុងឱកាសនេះ ប្រមុខការទូតកម្ពុជា ក៏បានជម្រាបអំពីសំណើយន្តការអាស៊ាន (Troilka) របស់សម្ដេចតេជោ ក្នុងការជួយដល់ប្រេសិតពិសេសរបស់ប្រធានអាស៊ាន ស្ដីពីមីយ៉ាន់ម៉ា ដើម្បីអនុវត្តការព្រមព្រៀងជា ឯកច្ឆន្ទ៥ចំនុច (5PC) ជាពិសេស ការបញ្ចប់អំពើហិង្សា ការបន្តកិច្ចសន្ទនាប្រក និងការផ្តល់ជំនួយមនុស្សធម៌ ដល់ប្រជាជនដែលមានតម្រូវការចាំបាច់។

សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា “ជាការឆ្លើយតប លោក វីវៀន បាឡាក់គីស្តូណាន់ បានកោតសរសើរចំពោះ សុច្ឆន្ទៈរបស់ សម្ដេចតេជោ ក្នុងការដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា និងបានបញ្ជាក់ជាថ្មីនូវការគាំទ្រ និងការត្រៀមខ្លួនរបស់ សិង្ហបុរី ក្នុងការធ្វើការជាមួយកម្ពុជា ដើម្បីអនុវត្តការព្រមព្រៀង ជាឯកច្ឆន្ទ៥ចំនុច (5PC) ដែលផ្សារភ្ជាប់ទៅ នឹងការថែរក្សា និងលើកកម្ពស់ទំនុកចិត្ត និងភាពពាក់ព័ន្ធរបស់អាស៊ាន” ។

ប្រមុខការទូតសិង្ហបុរី ក៏បានស្វាគមន៍ចំពោះ ការសម្ដែងឆន្ទៈក្នុងកិច្ចសហប្រតិបត្តិការ រវាងប្រេសិតពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ទទួលបន្ទុកកិច្ចការមីយ៉ាន់ម៉ា និងប្រេសិតពិសេស របស់ប្រធានអាស៊ាន ស្តីពី មីយ៉ាន់ម៉ា ផងដែរ។

ទោះបីជាយ៉ាងនេះក្តី ក៏ប្រមុខការទូត សិង្ហបុរីរូបនេះ ព្រួយបារម្ភ ចំពោះការវិវត្តចុងក្រោយបង្អស់ នៅមីយ៉ាន់ម៉ា ដែលមិនអំណោយផល សម្រាប់កិច្ចខិតខំប្រឹងប្រែង ដើម្បីសម្រេចឲ្យបាននូវវឌ្ឍនភាព បន្ថែមទៀតលើ 5PC និងសម្រាប់អ្នកតំណាងនយោបាយរបស់មីយ៉ាន់ម៉ា នៅក្នុងកិច្ចប្រជុំអាស៊ាន។

ជាមួយគ្នានេះ ក្នុងជំនួបនោះ រដ្ឋមន្ត្រីទាំងពីរ បានអះអាងជាថ្មី នូវការប្តេជ្ញាចិត្តដើម្បីធ្វើការរួមគ្នា ក្នុងការពង្រឹងមជ្ឈភាព ឯកភាព និងភាពធន់រឹងមាំរបស់អាស៊ាន ស្របពេលដោះស្រាយបញ្ហាប្រឈមទូទៅ និងគោលដៅរួម ដើម្បីពង្រឹងសន្តិភាព ស្ថិរភាព និងវិបុលភាព នៅក្នុងតំបន់ និងពិភពលោក៕

To Top