ព័ត៌មានជាតិ

អគ្គលេខាធិការ អាស៊ាន សង្ឃឹមថា ១០ឆ្នាំទៀត ទីក្រុងរបស់កម្ពុជា នឹងរីកដុះដាល ដូចបណ្តាទីក្រុង នៅតំបន់អាស៊ាន

ភ្នំពេញ ៖ លោក Lim Jock Hoi អគ្គលេខាធិការអាស៊ាន បានបង្ហាញក្តីសង្ឃឹមទុកជាថា ក្នុងរយៈពេល ១០ឆ្នាំខាងមុខទៀត ទីក្រុងរបស់កម្ពុជា នឹងមានការរីកដុះដាល ដូចបណ្តាទីក្រុងផ្សេងទៀត នៅបណ្តាតំបន់អាស៊ាន។

ក្នុងជំនួបសម្ដែងគួរ សមជាមួយ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ លោក Lim Jock Hoi បានកោតសរសើរ ចំពោះក្រសួងសាធារណការ ដែលសម្រេចបានជោគជ័យសំខាន់ៗ លើការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ក្រោមការចង្អុលបង្ហាញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

លោកបញ្ជាក់ថា «សូមវាយតម្លៃខ្ពស់ ចំពោះការរីកចម្រើន បណ្តាញហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ខ្វាត់ខ្វែង គួរកត់សម្គាល់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយសង្ឃឹមថា ក្នុងរយៈពេល ១០ឆ្នាំខាងមុខទៀត ទីក្រុងរបស់កម្ពុជា នឹងមានការរីកដុះដាល ដូចបណ្តាទីក្រុងផ្សេងទៀត នៅបណ្តាតំបន់អាស៊ាន»។

នាឱកាសនោះដែរ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ពីអាទិភាពនៃការកសាង និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងវាយតម្លៃខ្ពស់ចំពោះសារសំខាន់នៃវិស័យអាទិភាពទាំង៤ រួមមាន ៖ ទឹក អគ្គិសនី ផ្លូវ និងធនធានមនុស្ស ដើម្បីកសាង និងអភិវឌ្ឍន៍កម្ពុជាឲ្យមានការរីកចម្រើន។

ផ្ទាំងពាណិជ្ជកម្ម

លោកបន្ដថា ក្នុងរយៈពេល ២០ឆ្នាំកន្លងទៅ កម្ពុជាសម្រេច សមិទ្ធផលដ៏ធំធេងៗ ដូចជា ៖ ដំណាក់កាលទី១ កម្ពុជាចាប់ផ្តើម កសាង បណ្ដាញផ្លូវថ្នល់ ដោយចាក់កៅស៊ូ ពីរស្រទាប់ស្តើង (DBST) ដើម្បីតភ្ជាប់ទៅគ្រប់ច្រកល្ហកពី រាជធានីភ្នំពេញទៅកាន់ បណ្តាខេត្តនានាទូទាំងប្រទេស ហើយបច្ចុប្បន្ន បានឈាន ដល់ដំណាក់កាលទី២ ដែលជាដំណាក់កាល ត្រូវលើកកម្ពស់គុណភាព ផ្លូវពីផ្លូវចាក់កៅស៊ូពីរស្រទាប់ ស្ដើងទៅជាផ្លូវបេតុង កៅស៊ូ (AC) និងពង្រីកផ្លូវពី ២គន្លង ទៅ ៤គន្លង សម្រាប់ផ្លូវជាតិសំខាន់ៗ ដើម្បីឲ្យសមស្របទៅនឹងការ រីកចម្រើនសេដ្ឋកិច្ច និងកំណើនយានយន្ត។

លោកបញ្ជាក់ថា កម្ពុជាត្រៀមអនុវត្តកិច្ចព្រមព្រៀង ដឹកជញ្ជូនឆ្លងកាត់ព្រំដែន ក្រោមក្របខណ្ឌមហាអនុតំបន់មេគង្គ (GMS-CBTA), ការអនុវត្តការចុះបញ្ជីយានយន្ត តាមប្រព័ន្ធអនឡាញ, ការផ្ទេរកម្មសិទ្ធិយានយន្ត, ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត តាមប្រព័ន្ធអនឡាញ ដើម្បីសម្រួល ដល់ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ប្រសិទ្ធភាពនៃការប្រើប្រាស់កម្មវិធីថែទាំផ្លូវដើម្បីរាយការណ៍អំពីផ្លូវខូច និងជង្ហុកសំបុកមាន់ គម្រោងដាក់ឲ្យដំណើរការកម្មវិធី(App) ដកពិន្ទុបណ្ណបើកបរ និងការពិន័យលើបទល្មើសចរាចរណ៍ផ្លូវគោក។

ជាងនេះទៅទៀត លោកទេសរដ្ឋមន្ដ្រី បានលើកឡើងអំពីការជំរុញ ការអនុវត្តផែនការយានយន្តដើរ ដោយថាមពលអគ្គិសនី នៅក្នុងឆ្នាំ២០២២នេះ ដើម្បីចូលរួមចំណែក កាត់បន្ថយ ផលប៉ះពាល់ផលបរិស្ថាន ក្នុងនោះ ក្រសួងកំពុង សហការជាមួយកម្មវិធី អភិវឌ្ឍន៍អង្គការ សហប្រជាជាតិ(UNDP) ដើម្បីដំឡើងស្ថានីយសាក អាគុយចំនួន៥កន្លែង រួមមាន ៖ ទីស្តីការក្រសួងសាធារណការ ក្រុងព្រះសីហនុ ខេត្តបាត់ដំបង និង រាជធានី-ខេត្តមួយចំនួន ហើយនិងកំពុងសហការ ជាមួយដៃគូឯកជន ដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនា សម្ព័ន្ធសម្រាប់យានយន្តដើរ ដោយថាមពលអគ្គិសនីដែរ ៕

To Top
×