ព័ត៌មានជាតិ

សម្ដេចតេជោ គាំទ្រការអំពាវនាវ របស់នាយករដ្ឋមន្ត្រីអេស្ប៉ាញ ឱ្យទទួលស្គាល់ ជំងឺកូវីដ-១៩ ជាជំងឺផ្តាសាយ ធម្មតា

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានប្រកាសគាំទ្រចំពោះអំពាវនាវរបស់ នាយករដ្ឋមន្ត្រីអេស្ប៉ាញ នាពេលកន្លងមក ឱ្យមានការទទួលស្គាល់ជំងឺកូវីដ-១៩ គឺជាជំងឺផ្តាសាយធម្មតា ប៉ុន្ដែប្រជាពលរដ្ឋគ្រប់រូប ត្រូវបន្ដប្រុងប្រយ័ត្នបន្ថែមទៀត។

ក្នុងពិធីបើកវេទិកាទេសចរណ៍អាស៊ានលើកទី៤០ (ATF 2022) ដែលរៀបចំធ្វើឡើង នៅខេត្តព្រះសីហនុ នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវការពារខ្លួនដោយអនុវត្តន៍វិធានការ សុខាភិបាល ៣ការពារ និង៣កុំ ព្រមទាំង ចាក់វ៉ាក់សាំងកូវីដ-១៩ ជាដើម។

សម្ដេចតេជោ មានប្រសាសន៍ថា «នាយករដ្ឋមន្ត្រីអេស្ប៉ាញ បានចេញមកអំពាវនាវឲ្យទទួលស្គាល់ថា ជំងឺកូវីដ១៩ គឺជាជំងឺផ្តាសាយធម្មតា ខ្ញុំហាក់ដូចជាមាននិន្នាការគាំទ្រជាមួយនឹងដំណើរវិវត្តន៍ជាមួយនឹងការរៀនរស់នៅជាមួយកូវីដ១៩ ប៉ុន្តែត្រូវតែមានការប្រុងប្រយ័ត្ន ត្រូវតែចាក់វ៉ាក់សាំងឲ្យបានគ្រប់គ្រាន់សម្រាប់ការពារនូវជំងឺនេះ បើទោះចាត់ទុកវាជាប្រភេទជំងឺផ្តាសាយធម្មតាក៏ដោយចុះ»៕

To Top