ភ្នំពេញ ៖ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយលោក ជួន ប៊ិតថុល អនុរដ្ឋលេខាធិការ លោក ម៉ៅ ហាក់ ប្រធានមុខព្រួញ រាជធានីភ្នំពេញ មន្រ្តីបច្ចេកទេស និង តំណាងក្រុមហ៊ុន GDFC នៅថ្ងៃទី ១៩ ខែមករា ឆ្នាំ២០២២នេះ បានចុះពិនិត្យវឌ្ឍនភាព ការងារអនុវត្ត គម្រោងសាងសង់ ប្រព័ន្ធស្រោចស្រព និងការពារទឹកជំនន់ព្រែកត្នោត ស្ថិតនៅរាជធានីភ្នំពេញ ខេត្តកណ្តាល តាកែវ និង ខេត្តកំពង់ស្ពឺ ដែលទទួលជំនួយហិរញ្ញប្បទាន ពីសាធារណរដ្ឋប្រជាមានិតចិន ។

តាមរបាយការណ៍ ពីក្រុមការងារបច្ចេកទេស ក្នុងពេលចុះពិនិត្យ បានឲ្យដឹងថា ការងារសាងសង់ប្រព័ន្ធធារាសាស្ត្រខាងលើនេះ បានចាប់ផ្តើមនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ ដែលរហូតមកដល់ពេលនេះ គឺសម្រេចបានប្រមាណ ២២% លើផែនការកំណត់ ។

គោលបំណង របស់គម្រោងប្រព័ន្ធស្រោចស្រព និងការពារទឹកជំនន់ព្រែកត្នោត គឺកាត់បន្ថយគ្រោះមហន្តរាយ ទឹកជំនន់យាយី តាមសណ្តរស្ទឹងព្រែកត្នោត ជាពិសេសខាងលិច រាជធានីភ្នំពេញ និងខេត្តកណ្តាល ព្រមទាំងបង្កើនផ្ទៃដីដាំដុះ ដែលមានលទ្ធភាពជួយការពារ និង កាត់បន្ថយគ្រោះ ទឹកជំនន់ លើទំហំផ្ទៃដីប្រមាណ ២៤៥គីឡូម៉ែត្រក្រឡា ហើយមានលទ្ធភាពស្រោចស្រពដីស្រែប្រាំង ១០.១៥០ហិកតា និងស្រូវវស្សា ១៧.៧៣០ហិកតា ។

សូមបញ្ជាក់ជូនជ្រាបថា ប្រព័ន្ធស្រោចស្រព និងការពារទឹកជំនន់ព្រែកត្នោត ស្ថិតនៅរាជធានីភ្នំពេញ ខេត្តកណ្តាល តាកែវ និងខេត្តកំពង់ស្ពឺនេះ ត្រូវបានដឹកនាំផ្ទាល់ ដោយលោករដ្ឋមន្រ្តីក្នុងការរៀបចំផែនការ និងសហការជាមួយដៃគូអភិវឌ្ឍន៍ ព្រមទាំងប្រទេសជាមិត្ត ដើម្បីឆាប់អនុវត្តគម្រោង ដ៏មានអត្ថប្រយោជន៍នេះ ក្នុងការបន្ថយផលប៉ះពាល់ និង បញ្ជៀសគ្រោះមហន្តរាយនានា តែងតែយាយីដល់ភាគខាងលិច រាជធានីភ្នំពេញ ដែលកំពុងមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ។

ក្មុងឱកាសចុះពិនិត្យ ជាក់ស្តែងនេះ លោករដ្ឋមន្រ្តី បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង និងលទ្ធផលការងារ ដែលសម្រេច តាមផែនការ គ្រោងទុក ក្រោមកិច្ចសហការល្អប្រសើរ រវាងក្រុមការងារ អនុវត្តគម្រោង មន្ទីរ និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ។
លោករដ្ឋមន្រ្តីបានណែនាំបន្ថែម នូវបច្ចេកទេសអនុវត្តការងារ ដើម្បីធានាគុណភាព សំណង់ខាងលើ ប្រើប្រាស់ឲ្យបានយូរអង្វែង សម្រាប់ពេលបច្ចុប្បន្ន និងអនាគត ៕




















