ព័ត៌មានជាតិ

ប្រមុខការទូតកម្ពុជា-ថៃ យល់ថាវិបត្តិនៅមីយ៉ាន់ម៉ា មិនអាចដោះស្រាយ បានភ្លាមៗនោះទេ

ភ្នំពេញ៖ ជុំវិញបញ្ហាដ៏ស្មុគស្មាញ នៃវិបត្តិនយោបាយ នៅប្រទេសមីយ៉ាន់ម៉ា លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា និងលោក ដន ប្រាម៉ាត់វីណៃ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសថៃ បានយល់ឃើញដូចគ្នា ថា វិបត្តិមីយ៉ាន់ម៉ាមិនអាចដោះស្រាយបានភ្លាមៗនោះទេ។

នៅលើគេហទំព័រហ្វេសប៊ុក នាយប់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២នេះ លោក ប្រាក់ សុខុន បានសរសេរយ៉ាងដូច្នេះថា «ខ្ញុំទើបតែបានជួបសន្ទនាតាមទូរស័ព្ទជាមួយ ឯកឧត្តម ដន ប្រាម៉ាត់វីណៃ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសថៃ អំពីបញ្ហាអាស៊ានបច្ចុប្បន្ន»។

លោក ប្រាក់ សុខុន បញ្ជាក់ថា «យើងទាំងពីរយល់ថាវិបត្តិមីយ៉ាន់ម៉ា គឺមិនអាចដោះស្រាយបានភ្លាមៗនោះទេ។ ពិតណាស់ ដំណោះស្រាយនេះគឺត្រូវតែដឹកនាំ ដោយភាគីនៅមីយ៉ាន់ម៉ា ខ្លួនឯង។ ក្នុងនាមជាគ្រួសារអាស៊ាន យើងត្រៀមខ្លួនជាស្រេច ដើម្បីគាំទ្រដំណើរការនេះ»។

លោកថា ក្នុងនាមជាប្រធានអាស៊ាន កម្ពុជានឹងបន្តចូលរួមជួយការងារនេះ ប្រកបដោយសុច្ឆន្ទៈ ខណៈដែលយើងខិតខំ ធ្វើយ៉ាងណាឱ្យអាស៊ាន បន្តបោះជំហានដើរទៅមុខ។

ឆ្លៀតក្នុងឱកាសនេះ លោក ប្រាក់ សុខុន បានថ្លែងអំណរគុណដល់ លោក ដន ប្រាម៉ាត់វីណៃ ចំពោះ​ការលើកទឹកចិត្តក្នុងពេលដែលប្រទេសកម្ពុជា រែកអម្រែកដ៏ធ្ងន់មួយនេះ ក្នុងអំឡុងពេលធ្វើជាប្រធានអាស៊ាន ក្នុងឆ្នាំ២០២២នេះ៕

To Top