ភ្នំពេញ ៖ លោក ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល បានថ្លែងថា គិតត្រឹមថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ មានប្រជាពលរដ្ឋ ចំនួន១៤ ៤៩០គ្រួសារ បានស្ម័គ្រចិត្តប្រគល់ដីដែលបានរំលោភទន្ទ្រាននៅតំបន់៣ជូនរដ្ឋវិញក្នុងទំហំ ចំនួន៦០ ៣៦០,៤ហិកតា។
ក្នុងពិធីបិទកិច្ចប្រជុំបូកសរុបការងារវិស័យជលផលប្រចាំឆ្នាំ២០២១ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២២ក្រោមអធិបតីភាព លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ លោក ពុំ សុថា បានលេីកឡេីងពីសមិទ្ធផលសម្រេចបាន ក្នុងឆ្នាំ២០២១ ជាពិសេសលទ្ធផលនៃការអនុវត្តបទបញ្ជារបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ២០២១ ឱ្យទប់ស្កាត់ បង្រ្កាបការទន្ទ្រានឈូសឆាយ និងដក ហូតដីព្រៃលិចទឹកជុំវិញបឹងទន្លេសាប។
លោក បានបញ្ជាក់ថា «ជាក់ស្តែងគិតត្រឹមថ្ងៃទី២៣ ខែមករានេះមានប្រជាពល រដ្ឋ ១៤ ៤៩០គ្រួសារ បានស្ម័គ្រចិត្តប្រគល់ដីជូនរដ្ឋវិញក្នុងទំហំ ៦០ ៣៦០,៤ហិចតា បានដាំកូនឈើព្រៃលិចទឹកចំរុះបានចំនួន ៣៤ ៩១១ដើម ឬស្សីចំនួន ៧ ៦៨៩ដើម កូនត្នោតចំនួន ៣៣៩ដើម និងកប់គ្រាប់ត្នោតចំនួន ២០៥ ៣៨៥គ្រាប់»។
នាឱកាសនោះ លោក វេង សាខុន បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងបំពេញភារកិច្ចប្រកបដោយស្មារតីយកចិត្តទុកដាក់ ទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញគ្រប់ជាន់ថ្នាក់ នៃរដ្ឋបាលជលផល ក្នុងការអនុវត្តគោលនយោបាយ ផែនការអភិវឌ្ឍ ការងារគ្រប់គ្រប់ ស្រាវជ្រាវ បណ្តុះបណ្តាល ផ្សព្វផ្សាយ ការការពារ និងអភិរក្សធនធានធម្មជាតិ កិច្ចសហប្រតិបត្តិការអន្តរជាតិ ការងារទប់ស្កាត់ និងបង្រ្គាបបទល្មើសជលផល ការកាប់ទន្ទ្រានព្រៃលិចទឹក និងព្រៃកោងកាងយកធ្វើជាកម្មសិទ្ធិ ការអភិវឌ្ឍវិស័យវារីវប្បកម្មទឹកសាប និងសមុទ្រ និងការអភិវឌ្ឍសហគមន៍នេសាទ ក្នុង រយៈពេល១ឆ្នាំកន្លងមកនេះ សម្រេចបានលទ្ធផលគួរជាទីមោទន:។
លោក បានបន្ដថា សមិទ្ធផលទាំងអស់នេះ ពិតជាបានចូលរួមចំណែកអភិវឌ្ឍវិស័យជលផលឱ្យមានការរីកចម្រើនទាំងពេលបច្ចុប្បន្ន និងអនាគត៕