ព័ត៌មានជាតិ

សម្ដេចតេជោ អរគុណម៉ាឡេស៊ី បានចាក់វ៉ាក់សាំងជូនពលរដ្ឋកម្ពុជា កំពុងធ្វើការនៅម៉ាឡេស៊ី

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងអំណរអរគុណចំពោះរដ្ឋាភិបាលម៉ាឡេស៊ី ជួយប្រជាពលរដ្ឋកម្ពុជា ទៅធ្វើការនៅម៉ាឡេស៊ី ជាពិសេស ចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់ដល់ពួកគាត់ដែលកំពុងធ្វើការនៅទីនោះ។

ក្នុងជំនួបពិភាក្សាការងារ តាមប្រព័ន្ធវីដេអូ ជាមួយ លោក Ismail Sabri Yaakob នាយករដ្ឋមន្ត្រី នៃប្រទេសម៉ាឡេស៊ី នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ សម្ដេចតេជោបានថ្លែងថា «អរគុណ ឯកឧត្តមនាយករដ្ឋមន្រ្តី ដែលបានជួយដល់ប្រជាពលរដ្ឋកម្ពុជាដែលទៅធ្វើការនៅម៉ាឡេស៊ី ជាពិសេសក្នុងការចាក់វ៉ាក់សាំងជូនដល់ពលរដ្ឋកម្ពុជា ដែលកំពុងធ្វើការនៅម៉ាឡេស៊ី»។

សម្តេចតេជោបន្ដថា បច្ចុប្បន្ន មានប្រជាពលរដ្ឋម៉ាឡេស៊ី ចំនួន ២៩៦៨នាក់ ដែលកំពុងធ្វើការរស់នៅ កម្ពុជា ក៏បានទទួលការចាក់វ៉ាក់សាំងនៅកម្ពុជា ផងដែរ។

ផ្ទាំងពាណិជ្ជកម្ម

នាឱកាសនោះ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានតបមកវិញថា កម្ពុជា គឺជាដៃគូដ៏សំខាន់ របស់ម៉ាឡេស៊ី បច្ចុប្បន្នទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មានការកើនឡើងជាបន្តបន្ទាប់ ជាពិសេសក្នុងឆ្នាំ២០២០ និង២០២១កន្លងទៅនេះ ដែលទាំងអស់នេះឆ្លុះបញ្ចាំងអំពីទំនាក់ទំនងប្រទេសទាំងពីរមានការរីកចម្រើន នៅក្នុងវិស័យវិនិយោគពាណិជ្ជកម្មនេះ។

សម្ដេចតេជោ លើកឡើងទៅវិញថា កម្ពុជា គឺជាប្រទេសតូចមែន ប៉ុន្តែមានលទ្ធភាពច្រើនក្នុងការស្រូបទិញ ទំនិញពីម៉ាឡេស៊ី ជាពិសេសក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។ សម្ដេចបន្តថា «យើងនឹងជំរុញកិច្ចសហប្រតិបត្តិការនេះបន្តទៀត លើគ្រប់វិស័យតាមអ្វីដែលយើងអាចធ្វើបាន»៕

To Top
×