បរទេស៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron និងអធិការបតីអាល្លឺម៉ង់ លោក Olaf Scholz ជួបពិភាក្សាគ្នានៅក្នុងទីក្រុងប៊ែកឡាំង ដើម្បីស្វះស្វែងរកការឆ្លើយតបរួមគ្នា ចំពោះប្រទេសរុស្ស៊ី ស្របពេលមានការភ័យខ្លាចកើនឡើងថា ទីក្រុងមូស្គូអាចនឹងធ្វើការវាយប្រហារ លើអ៊ុយក្រែនឆាប់ៗនេះ។
កិច្ចពិភាក្សាគ្នានៅថ្ងៃអង្គា នៅក្នុងរដ្ឋធានីនៃប្រទេសអាល្លឺម៉ង់នេះ គឺត្រូវបានធ្វើឡើង ក្រោយមួយថ្ងៃបន្ទាប់ពី ទីក្រុងវ៉ាស៊ីនតោន បានដាក់ឲ្យកងទ័ពអាមេរិកចំនួន ៨.៥០០នាក់ បង្កើនការប្រុងប្រៀប សម្រាប់ការអាចបញ្ជូនទៅកាន់ តំបន់អឺរ៉ុបភាគខាងកើតភ្លាមៗ ហើយប្រទេសសមាជិកណាតូផ្សេងទៀត ងាកមកធ្វើការបង្កើន វត្តមានខ្លួននៅក្នុងតំបន់។

គួរបញ្ជាក់ថា ប្រទេសរុស្ស៊ី នាពេលថ្មីៗនេះ បានធ្វើការប្រមូលផ្តុំកងទ័ពខ្លួនប្រមាណ ១០០.០០០នាក់ នៅតាមព្រំដែនជាប់ប្រទេសអ៊ុយក្រែន ដោយឡោមព័ទ្ធប្រទេសជិតខាងខ្លួន ដោយកងកម្លាំង នៅពីទិសខាងជើង ទិសខាងកើត និងទិសខាងត្បូង។
វិមានក្រឹមឡាំង តាមសេចក្តីរាយការណ៍ បានធ្វើការបដិសេធថា មិនមានគម្រោងធ្វើការ ឈ្លានពានណាមួយនោះទេ ហើយទីក្រុងមូស្គូបានលើកឡើង ចំពោះការឆ្លើយតបរបស់លោកខាងលិច ថាជាភស្តុតាងថា ប្រទេសរុស្ស៊ីគឺជាគោលដៅ មិនមែនអ្នកញុះញង់ចំពោះ ការឈ្លានពាននោះទេ ៕
ប្រែសម្រួល៖ ប៉ាង កុង
