ភ្នំពេញ: តុលាការកំពូលកាលពីថ្ងៃទី ២៦ ខែមករា ឆ្នាំ២០២២ នេះ បានបើកសវនាការជំនុំជម្រះ លើបណ្តឹងសារទុក្ខ អតីតប្រធានអង្គរក្ស លោកឧកញ៉ា ថោង សារ៉ាត់ ដែលត្រូវបានតុលាការថ្នាក់ក្រោម កាត់ទោស ដាក់ពន្ធនាគារ កំណត់ អស់មួយជីវិត ពាក់ព័ន្ធនឹងបទល្មើស ឃាតកម្មគិតទុកជាមុន ដោយបាញ់សម្លាប់លោកឧកញ៉ា អ៊ឹង ម៉េងជឺ ប្រព្រឹត្តិនៅមុខហាងលក់ផ្លែឈើ ឡោតិចសេង ក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន រាជធានី ភ្នំពេញ អំឡុងឆ្នាំ ២០១៤ ។
លោក យូរ ឧត្តរា ជាប្រធានចៅក្រមជំនុំជម្រះ នៃតុលាការកំពូល បានអោយដឹងថា ជនជាប់ចោទ រូបនេះ មានឈ្មោះ សៀង វាសនា ភេទប្រុស អាយុ ៤៤ ឆ្នាំ មុខរបរ មុខពេលចាប់ខ្លួន ជាអង្គរក្សឧកញ៉ា ថោង សារ៉ាត់ ។
ចំណែកឯជនរងគ្រោះ ឈ្មោះ អ៊ឹង ម៉េងជឺ ថៅកែក្រុមហ៊ុនស៊ីម៉ងត៍ត្បូងពេជ្រ និងជាប្រធានក្រុមហ៊ុន Shimmex Group ។
គួររំលឹកថា នៅក្នុងសំណុំរឿងក្តីនេះ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែមីនាឆ្នាំ ២០១៩ បានផ្តន្ទាទោស ជនជាប់ចោទ ទី១- ឈ្មោះ ថោង សារ៉ាត់ មានងារជាឧកញ៉ា , ទី២- ឈ្មោះ សៀង វាសនា , ទី៣- ឈ្មោះ កួយចាន់ថុល, ទី៤-ឈ្មោះ មាស សម្បត្តិ ហៅទូច , និងទី៥- ឈ្មោះ ឃុន ចិត្រា ដាក់គុកក្នុងម្នាក់ៗ កំណត់ អស់មួយជីវិត ក្រោមការចោទប្រកាន់ ពីបទ« ផ្ដើមគំនិតក្នុងអំពើឃាតកម្ម គិតទុកជាមុន« តាមមាត្រា២៨ , មាត្រា ២០០ នៃក្រមព្រហ្មទណ្ឌ«អំពើឃាតកម្មគិតទុកជាមុន» តាមបញ្ញត្តិមាត្រា ២០០ នៃក្រមព្រហ្មទណ្ឌ សមគំនិត ក្នុងអំពើឃាតកម្មគិតទុកជាមុន តាមបញ្ញត្តិមាត្រា ២៩ មាត្រា ២០០ នៃក្រមព្រហ្មទណ្ឌ។
តុលាការរាជធានី ក៏បានបង្គាប់ឱ្យពួកគេ ត្រូវរួមគ្នា សងជម្ងឺចិត្ត ចំនួន១០លានដុល្លារអាមេរិក ទៅភរិយារបស់ជនរងគ្រោះ ដែលត្រូវជាភាគី ដើមបណ្ដឹង នៅក្នុងរឿងក្តីនេះ ។ តែពួកគេបានប្តឹងឧទ្ទរណ៍។
សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ កាលពីថ្ងៃទី៦ ខែ វិច្ឆិកា ឆ្នាំ ២០២០ បានសម្រេចដោះលែង ជនជាប់ចោទចំនួន៤នាក់ មានឈ្មោះ ថោង សារ៉ាត់, ឈ្មោះ កួយ ចាន់ថុល, ឈ្មោះ មាស សម្បត្តិ ហៅ ទូច និង -ឈ្មោះ ឃុន ចិត្រា ពីពន្ធនាគារ ជាបណ្តោះអាសន្ន ។តែរក្សាឃុំខ្លួនជនជាប់ចោទឈ្មោះ សៀង វាសនា នៅក្នុងពន្ធនាគារ ដដែល។
ឈ្មោះ សៀង វាសនា ក៏បានបន្តប្តឹងសារទុក្ខ មកកាន់តុលាការកំពូល។
នាពេលសវនាការ, ជនជាប់ចោទ ឈ្មោះ សៀង វាសនា បានឆ្លើយបដិសេធយ៉ាង ដាច់អហង្កការ ចំពោះការចោទប្រកាន់ និង កាត់ទោសរូបគាត់ ដាក់គុកអស់មួយជីវិត អំពីសំណាក់ តុលាការថ្នាក់ក្រោម។
ជនជាប់ចោទ ឈ្មោះ សៀង វាសនា បាននិយាយ រូបគាត់មិនបានបាញ់សម្លាប់ជនរងគ្រោះទេ ហើយគាត់និយាយថា «ធ្វើបែបនេះធ្វើអី បើមនុស្សមិនដែលស្គាល់គ្នាផង»។
ជនជាប់ចោទបាន សំណូមពរ ដល់តុលាការកំពូល មេត្តាជួយរកយុត្តិធម៌ រកការពិត ដោយសម្រេចទម្លាក់បទចោទប្រកាន់ រូបលោក និង ដោះលែងរួប លោក អោយមានសេរីភាពវិញ។
តុលាការកំពូលនឹងប្រកាសដីកា លើ សំណុំរឿងក្តីនេះ នៅព្រឹកថ្ងៃទី ១៧ ខែ កុម្ភៈ ឆ្នាំ២០២២៕
ដោយ គា លីហ្សា