ព័ត៌មានជាតិ

គម្រោង លើកកម្រិតគុណភាព និងធ្វើឲ្យប្រសើរឡើង កំណាត់ផ្លូវជាតិលេខ២១B សម្រេចជិត១០០%

ភ្នំពេញ៖ តាមរបាយការណ៍ អគ្គនាយកដ្ឋានសាធារណការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា គម្រោងលើកកម្រិតគុណភាព និងធ្វើឲ្យប្រសើរឡើង កំណាត់ផ្លូវជាតិលេខ២១B ចាប់អនុវត្តតាំងពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១មក គិតរហូតមកទល់ពេលនេះ វឌ្ឍនភាពការងារសម្រេចបាន ៩៥%ហើយ។

កាលពីថ្ងៃទី២៦ មករា លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួង ចុះពិនិត្យវឌ្ឍនភាពគម្រោង លើកកម្រិតគុណភាព និងធ្វើឲ្យប្រសើរឡើង កំណាត់ផ្លូវជាតិលេខ២១B ដោយមានការចូលរួមពីលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល មន្ទីរសាធារណការ និងដឹកជញ្ចូន ក្រុមហ៊ុនសាងសង់ និងមន្ត្រីជំនាញពាក់ព័ន្ធក្រោមឱវាទក្រសួង។

ផ្លូវនេះមានប្រវែងសរុបប្រមាណ ៣គីឡូម៉ែត្រចាប់ពីផ្លូវបំបែក ផ្លូវជាតិលេខ២ ដល់រង្វង់មូលស្ពានព្រែកសំរោង ឋិតក្នុងភូមិសាស្ត្រទឹកដីខេត្តកណ្តាល មានទទឹងផ្លូវ១១ម៉ែត្រ ជម្រាលទទឹងផ្លូវ៣% កម្រាស់ Stabilize ២០០មីលីម៉ែត្រ អ៊ុតបេតុងកៅស៊ូ(AC) កម្រាស់១៥សង់ទីម៉ែត្រ ដោយប្រើប្រាស់គ្រឿងចក្រStabilizer អនុវត្តគម្រោងដោយនាយកដ្ឋានគ្រឿងចក្រ និងស្ថាបនាផ្លូវ ត្រួតពិនិត្យបច្ចេកទេស ដោយនាយកដ្ឋានបច្ចេកទេសសាធារណការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន។

សូមបញ្ជាក់ថា គ្រឿងចក្រ Stabilizer នេះជាជំនួយពីប្រទេសជប៉ុន អាចជួយឲ្យកាសាងសង់ផ្លូវកាន់តែមានភាពរឹងមាំ កាត់បន្ថយផលប៉ះពាល់ចរាចរណ៍ កាត់បន្ថយរយះពេលសាងសង់ និងប្រើប្រាស់បានយូរ ស្របតាមបរិបទនៃ ការដឹកជញ្ជូននាពេលបច្ចុប្បន្ន ។ គ្រឿងចក្រប្រភេទនេះគឺប្រើប្រាស់គ្រឹះផ្លូវ និងផ្ទៃកម្រាលកៅស៊ូចាស់ ដែលខូចឡើងវិញបាន ចំណេញថវិកា និងពេលវេលាក្នុងការជួសជុល សាងសង់ផងដែរ ៕

To Top