កំពង់ចាម ៖ លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តកំពង់ចាម អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ របាយការណ៏ ស្តីពីសភាពការណ៏ទូទៅ និងការងារគណបក្ស ឆ្នាំ២០២១ និងទិសដៅភារកិច្ច ឆ្នាំ២០២២ ដែលរៀបចំ ធ្វើនៅសាលាប្រជុំសសរ១០០ សម្តេចតេជោ ក្នុងបរិវេណមណ្ឌល អភិរក្សាសួនគ្រញូង នគរបាជ័យ ខេត្តកំពង់ចាម នាថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២២ ។
លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានមានប្រសាសន៏ថា គណបក្ស ប្រជាជនកម្ពុជាដែលមាន សម្តេចតេជោ ហ៊ុន សែន ជាអគ្គមគ្គុទេ្ទសដ៏ឆ្នើម បានដឹកនាំប្រទេសសម្រេចបានសមិទ្ឋផលធំៗជាច្រើន មានជាអាទិ៍ ខឿនឯករាជ្យជាតិ អធិបតេយ្យ បូរណភាពទឹកដី សន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងអំណាចរដ្ឋត្រូវបានថែរក្សាការពារយ៉ាងរឹងមាំ និងដំណើរការកែទម្រង់ស៊ីជម្រៅ និងទូលំទូលាយត្រូវបានជំរុញអនុវត្តដោយ ឆន្ទៈមុតស្រួច និងមាន ប្រសិទ្ឋភាព កំណើនសេដ្ឋកិច្ចជាតិនៅតែមានសន្ទុះទៅមុខ ទោះបីជាពិភពលោកត្រូវប្រឈមមុខនឹងជម្ងឺរាតល្បាតសកល កូវីដ១៩ ក៏ដោយ។
ដោយឡែក គណបក្សខេត្តកំពង់ចាម គ្រប់លំដាប់ថ្នាក់ បានប្រមូល ផ្តុំអស់ស្មារតី កម្លាំងកាយចិត្ត រួមសាមគ្គីគ្នា ប្រយុទ្ឋនឹងការរីករាលដាលជម្ងឺ១៩ ទទួលបានលទ្ឋផលគួរជាទីមោទនៈ ។ ជាមួយនោះ ក្រុមការងារ គណបក្សគ្រប់ថ្នាក់ បានប្រមូលផ្តុំកម្លាំងអនុវត្ត នូវបណ្តាភារកិច្ចសំខាន់ជាច្រើន តាមសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ខាងមុខ។
លោកឧបនាយករដ្ឋមន្ត្រី បានយកឱកាសនោះ ផ្តល់នូវអនុសាសន៏មួយចំនួន ក្នុងនោះ ៖ ទី១ .បន្តអនុវត្ត និងប្រកាន់ខ្ជាប់នូវបាវចនាពីរ គឺ “កែទម្រងខាងក្នុង និងបង្កើនមិត្តពីខាងក្រៅ” និងបន្តគោរពអនុវត្តស្មារតីនៃអភិក្រម៥ គឺ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ ។
ទី២ .បន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុងបក្ស បន្តចុះជួយមូលដ្ឋានតាមមុខសញ្ញា ពង្រឹងបរិមាណសមាជិកបក្ស ដោយឈរលើទស្សនៈ “ពង្រឹកចាស់ បង្កើនថ្មី” និងណែនាំប្រជាពលរដ្ឋពីសមិទ្ឋផលជាច្រើនរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ។
ទី៣ .ពង្រឹងគុណភាព នៃការចូលរួម របស់យុវជនឲ្យរឹតតែសកម្ម និងមានប្រសិទ្ឋិភាពក្នុងការអភិវឌ្ឍន៏សង្គមជាតិ ដែលជាកម្លាំងប្រជាសាសន៏ដ៏ធំមួយ ដែលអាចជម្រុញ និងបង្កើនការអភិវឌ្ឍន៏សេដ្ឋកិច្ចសង្គម និងកំណែទម្រង់នានាឲ្យរឹតតែមានប្រសិទ្ឋភាព។
ទី៤ .បន្តធ្វើបច្ចុប្បន្នភាពសមាជិកបក្សឲ្យបានច្បាស់លាស់ និង ខិតខំកសាងសមិទ្ឋផលនៅមូលដ្ឋាន និងផ្តល់សេវាសាធារណៈនានា ជូនដល់ប្រជាពលរដ្ឋ ឲ្យកាន់តែសកម្ម និងមានប្រសិទ្ឋភាព ពិសេសត្រូវ កសាងមន្ទីរបក្សឲ្យបានគ្រប់ឃុំ សង្កាត់ ។
ទី៥ .លើកកម្ពស់ស្មារតីឲ្យប្រជាជស្រឡាញ់ថែរក្សា សន្តិភាព និងបន្តរំលឹកពាក្យ “អរគុណសន្តិភាព” និងបន្តអប់រំប្រជាជន ឲ្យយល់ពីការបញ្ចប់សង្គ្រាម ស៊ីវិលនៅកម្ពុជា តាមរយៈ “នយោបាយឈ្នះ ឈ្នះ” ដែលដឹកនាំដោយសម្តេចតេជោ នាយករដ្ឋមន្ត្រី។
ទី៦ .ក្រុមការងារគណបក្សគ្រប់ថ្នាក់ ត្រូវរួមគ្នាគាំទ្រដល់បេក្ខជន របស់គណបក្សយើង ដែលឈរឈ្មោះបោះឆ្នោតឃុំ សង្កាត់ ដោយធ្វើសកម្មភាពរកការគាំទ្រ ពីប្រជាពលរដ្ឋឲ្យបានផុលផុស ដោយប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប និងធនធានសរុប ពិសេសថ្នាក់ដឹកនាំបក្សគ្រប់ជាន់ថ្នាក់ ទាំងថ្នាក់កណ្តាល និងថ្នាក់មូលដ្ឋាន ត្រូវអនុវត្តឲ្យស្នើដៃគ្នា ប្រៀបដូចអម្រែកដែលត្រូវរែកស្មើគ្នា ដើម្បីដណ្តើមជ័យជំនះ ក្នុងការបោះឆ្នោតនៅក្នុងអាណត្តិទី៥នេះ និងអាណត្តិក្រោយៗទៀត ។
ទី៧ .ត្រូវយកចិត្តទុកដាក់រៀបចំ ការបណ្តុះបណ្តាលអំពីច្បាប់ និងបទបញ្ជានីតិវិធីនៃការបោះឆ្នោត និងរាប់សន្លឹកឆ្នោតដល់មន្ត្រីរបស់យើង ដើម្បីការពារភាពត្រឹមត្រូវ នៃគណបក្សយើង។
ទី៨ .ចាប់ពីពេលនេះ រហូតដល់យុទ្ឋនាការឃោសនាបោះឆ្នោត គណៈកម្មាធិការបក្សខេត្ត ក្រុមការងារគ្រប់ថ្នាក់ ត្រូវបង្កើនសកម្មភាពមូលដ្ឋាន ដោយពង្រឹងពង្រីកអំពើល្អរបស់បក្សយើង បកស្រាយការបំភ័ន្តមតិផ្សេងៗ របស់ក្រុមពួកអគតិ ។
ទី៩ .គណៈកម្មការប្រយុទ្ឋនឹងជម្ងឺកូវីដ១៩ ខេត្ត និងរដ្ឋបាលខេត្ត ត្រូវជម្រុញឲ្យប្រជាពលរដ្ឋមកទទួលវ៉ាក់សាំងជម្រុញដូសទី៣ និងដូសទី៤ ឲ្យបានគ្រប់ៗគ្នា និងបន្តខិតខំអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ “៣កុំ និង៣ការពារ” និងកែប្រែទម្លាប់ នៃការរស់នៅសម្របតាមបរិបទនៃជម្ងឺកូវីដ១៩ ដោយអនុវត្តយ៉ាងម៉ឺងម៉ាត់ នូវវិធានការអនាម័យតាមការណែនាំ របស់ក្រសួងសុខាភិបាល ដើម្បីការពារខ្លួនយើង ក្រុមគ្រួសារយើង និងសហគមន៏យើងជៀសផុត ពីជម្ងឺដ៏កាចសាហាវនេះ ៕