ភ្នំពេញ ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា កម្ពុជាពីមុនបរទេសយល់ថា ជាតំបន់វាលពិឃាត គួរឲ្យខ្លាចរអារ ប៉ុន្តែបច្ចុប្បន្ននេះ កម្ពុជា ប្រែក្លាយជាប្រទេស មានសុខសន្តិភាព និងជាគោលដៅទេសចរណ៍ ដ៏មានប្រជាប្រិយភាព ក្នុងតំបន់អាស៊ីអាគ្នេយ៍។
ក្នុងពិធីសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវកំណាត់ផ្លូវជាតិលេខ៧ ប្រវែងសរុប ៩៣,៥៦គីឡូម៉ែត្រ ក្រោមអធិបតីភាព សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងថា សមិទ្ធផលថ្មីនេះ គឺជាចំណងដៃដ៏ថ្លៃថ្លា មិនអាចកាត់ថ្លៃបាន ដែលកើតចេញពីចំណងមិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការរវាង កម្ពុជា-ចិន ជូនប្រជាពលរដ្ឋ ខេត្តក្រចេះ ព្រមទាំងប្រជាពលរដ្ឋទូទាំងប្រទេស ។
លោកគូសបញ្ជាក់ពីសារសំខាន់ នៃកត្តាសុខសន្តិភាព និងស្ថិរភាពនយោបាយ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វរបស់ សម្តេចតេជោនា យករដ្ឋមន្រ្តី ដែលផ្តល់ឱកាសឲ្យកម្ពុជា សម្រេចបាននូវការអភិវឌ្ឍ និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធពាសពេញផ្ទៃប្រទេស។
លោកទេសរដ្ឋមន្ដ្រី បានបញ្ជាក់យ៉ាងដូច្នេះថា «កម្ពុជា ពីមុនជាប្រទេសដែលបរទេស តែងតែយល់ថា ជាតំបន់វាលពិឃាត ជាតំបន់អសន្តិសុខ ជាចម្ការមីនគួរឲ្យខ្លាចរអារ ។ ប៉ុន្តែបច្ចុប្បន្ននេះ កម្ពុជា ត្រូវបានប្រែក្លាយជាប្រទេសមួយ មានសុខសន្តិភាពពេញលេញ មានការអភិវឌ្ឍ និងជាគោលដៅទេសចរណ៍ ដ៏មានប្រជាប្រិយភាពមួយ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ផងដែរ»៕