ភ្នំពេញ៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអំពាវនាវដល់មន្ទីរបរិស្ថាន អាជ្ញាធរ និងប្រជាពលរដ្ឋ ត្រូវរួមសហការគ្នាឲ្យ កាន់តែខ្លាំងក្លាបន្ថែមទៀត ដើម្បីការពារ និងអភិរក្សដែនជម្រក សត្វព្រៃសង្ឃរុក្ខវ័ន។ នេះយោងតាមគេហទំព័រហ្វេសប៊ុក ក្រសួងបរិស្ថាន។
![](https://dap-news.com/wp-content/uploads/2022/02/photo_2022-02-14_11-01-11-1024x682.jpg)
ក្នុងឱកាស ចុះពិនិត្យការងារគ្រប់គ្រង ធនធានធម្មជាតិ និងជីវៈចម្រុះ នៅតំបន់ការពារធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ រួមមាន ដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព និងដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន នាថ្ងៃទី១៣ កុម្ភៈ លោក សាយ សំអាល់ បានគូសបញ្ជាក់ថា ការអភិរក្សធនធានធម្មជាតិ បានគង់វង្សត្រូវផ្សារភ្ជាប់ នឹងការបង្កើតសេដ្ឋកិច្ច នៅមូលដ្ឋានតាមរយៈការលើក ស្ទួយជីវភាពសហគមន៍ ដោយការជំរុញលើការចិញ្ចឹមសត្វ ការអភិវឌ្ឍទេសចរណ៍ធម្មជាតិ និងកត្តារួមផ្សំផ្សេងៗ។
លោកបានថ្លែងថា «សូមបងប្អូនជាមន្ត្រី នៃមន្ទីរបរិស្ថាន មន្ត្រីឧទ្យានុរក្ស សហគមន៍តំបន់ ការពារធម្មជាតិ និងអាជ្ញាធរពាក់ព័ន្ធបន្តរួម សហការគ្នាឲ្យកាន់តែខ្លាំងបន្ថែមទៀត ដើម្បីបង្កើនប្រសិទ្ធភាព ក្នុងការការពារនិងអភិរក្សដែនជម្រក សត្វព្រៃសង្ឃរុក្ខវ័ន ក៏ដូចជាតំបន់ការ ពារធម្មជាតិ និងរបៀងអភិរក្សចម្រុះរបស់កម្ពុជា»។
![](https://dap-news.com/wp-content/uploads/2022/02/photo_2022-02-14_11-01-13-1024x682.jpg)
សូមបញ្ជាក់ថា ខេត្តឧត្តរមានជ័យ មានតំបន់ការពារធម្មជាតិ ចំនួន៣ មានផ្ទៃដីសរុប ១៩១.៤០៣ ហិកតា ក្នុងនោះរួមមាន៖ ដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័នមានផ្ទៃដីទំហំ ៣០.២៥៤ ហិកតា តំបន់ការពារទេសភាពបន្ទាយឆ្មារ មានផ្ទៃដីទំហំ ៣៨.៥០៦ ហិកតា និងដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព ១២២.៦៤៣ ហិកតា ព្រមទាំងរបៀងអភិរក្សជីវចម្រុះ ឧត្តរមានផ្ទៃដីទំហំ ៣៧.៦៩៦ ហិកតា៕
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)